ក្រសួងការពារជាតិចិនបានប្រកាសថានឹងមានវិធានការចាំបាច់បំផុតក្នុងការការ ពារសន្តិសុខជាតិក្នុងករណីកូរ៉េខាងជើង ដួលរលំ។
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Ren Guoqiang បានប្រកាសនៅក្នុង សន្និសីទកាសែតថា «កម្លាំងទាហានចិន នឹងអនុវត្តនូវវិធីសាស្ត្រចាំបាច់ការពារដែន អធិបតេយ្យរបស់ខ្លួន ប្រសិនបើមានហេតុការណ៍អាក្រក់កើតឡើងចំពោះកូរ៉េខាងជើង។
លោក Ren Guoqiang បញ្ជាក់ថា ចិនប្តេជ្ញាការពារសន្តិសុខ និងសន្តិភាព នៅឧបទ្វីបកូរ៉េ និងអំពាវនាវឲ្យភាគីពាក់ ព័ន្ធពិភាក្សាគ្នាបញ្ចៀសហេតុការណ៍អាក្រក់ កើតឡើង។ នៅពេលនេះចិនបានបញ្ជូន កម្លាំងទាហានជាច្រើនទៅកាន់ព្រំដែនជាប់ កូរ៉េខាងជើងដើម្បីរារាំងជនភៀសខ្លួនកូរ៉េខាងជើងជាទ្រង់ទ្រាយធំចូលទៅកាន់ទឹកដីចិនក្រោយការស្លាប់របស់លោក គីម ជុង ណាម បងប្រុសមេដឹកនាំ គីម ជុងអ៊ុន។
នៅពេលនេះចិនបានរក្សាគោលនយោបាយធម្មតាជាមួយកូរ៉េខាងជើង បើទោះបីចិនបានឡើងគម្រោងសម្រាប់ពេលកូរ៉េ ខាងជើងដួលរលំក្តី។
ជាមួយនឹងការស្លាប់របស់លោក គីម ជុងណាម នៅម៉ាឡេស៊ី ហើយលទ្ធផលស្រាវជ្រាវបង្ហាញឲ្យឃើញថា កូរ៉េខាងជើងពិតជានៅពីក្រោយការស្លាប់ខាងលើប្រាកដ មែនដោយប្រើជាតិគីមីពុលសម្លាប់។
ការស្លាប់របស់លោក គីម ជុងណាម នេះអាចបង្កឲ្យមានការបះបោរនៅក្នុងទឹកដីកូរ៉េខាងជើងដែលជាហេតុធ្វើឲ្យចិនត្រូវបង្កើនទាហានការពារព្រំដែនជាប់កូរ៉េខាងជើង។ នៅពេលនេះសហគមន៍អន្តរជាតិ មិនទាន់មានប្រតិកម្មអ្វីនៅឡើយទេ ដោយរង់ចាំប្រទេសម៉ាឡេស៊ីស្រាវជ្រាវឲ្យបាន ចប់សព្វគ្រប់សិន។
ការសម្លាប់លោក គីម ជុងណាម អាចធ្វើឲ្យអន្តរជាតិដាក់គំនាបកាន់តែខ្លាំងឡើង ទៅលើកូរ៉េខាងជើងដែលអាចធ្វើឲ្យប្រទេស នេះធ្លាក់ក្នុងសភាពចលាចលខ្លាចពលរដ្ឋក្រោកឈរឡើងប្រឆាំងនឹងរបបផ្តាច់ការ របស់ គីម ជុងអ៊ុន៕ ម៉ែវ សាធី