ខេត្តស្ទឹងត្រែង៖ ស្ត្រីកូនដំបូងម្នាក់បានសម្រាលកូនដោយសុវត្ថិភាព ខណៈដែលនាងធ្វើដំណើរពីចម្ការចម្ងាយជាង៥គីឡូម៉ែត្រមកភូមិដែលករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
បើតាមប្រភពនៅកន្លែងដែលស្ត្រីឈឺពោះសម្រាលកូនបានឲ្យដឹងថា ស្ត្រីដែលសម្រាលកូនដមបូងនេះឈ្មោះ ថេន ធារី អាយុ ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិច្រវា ឃុំគោកលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលបច្ចុប្បន្នទើបមកចម្ការជាមួយប្តីនៅ ភូមិ-ឃុំ-ស្រុកកើតហេតុខាងលើ។ នៅមុនពេលដែលស្រ្តីរូបនេះឈឺពោះសម្រាលកូនគាត់បានធ្វើដំណើរពីចម្ការមកភូមិដែលមាន ចម្ងាយប្រមាណជាង៥គីឡូម៉ែត្របំណង មកចូលរួមកម្មវិធីរបស់អ្នកស្រុកជាមួយ នឹងស្វាមីនៅឃុំស្រែក្រសាំង ស្រុកសៀម បូក ខេត្តស្ទឹងត្រែង។ លុះពេលដើរមកដល់ ពាក់កណ្តាលផ្លូវស្រាប់តែនាងមានអាការឈឺចង្កេះដោយមិនអាចបន្តដំណើរថ្មើរជើងទៅមុខទៀតបាន។ នេះបើតាមការអះអាងរបស់ស្រ្តីដែលសម្រាលកូននៅតាមផ្លូវ កណ្តាលវាលស្រែ ។
ស្រ្តីសម្រាលកូនឈ្មោះ ថេន ធារី បាន បញ្ជាក់ថា គាត់មិនដឹងថាការឈឺចង្កេះនេះជាសញ្ញាឈឺពោះសម្រាលកូននោះទេ ព្រោះ គាត់ទើបនឹងសម្រាលកូនលើកដំបូង។
ដោយឡែកលោក ប៊ុន សំ ប្រធាន មណ្ឌលសុខភាពឃុំស្រែក្រសាំង ស្រុក សៀមបូកបានឲ្យដឹងដែរថា ស្រ្តីដែល សម្រាលទារកនៅតាមផ្លូវនេះគឺពិតជា សំណាង ណាស់ព្រោះនៅពេលដែលស្រ្តីខាងលើឈឺពោះសម្រាលកូនគាប់ជួនមន្រ្តីឆ្មបរបស់លោកបានចុះអប់រំផ្សព្វផ្សាយពីបញ្ហាស្រ្តីមាន ផ្ទៃពោះនៅតាមបណ្តាយភូមិ-ឃុំ។ ពេលនោះគាត់បានឲ្យឆ្មប២នាក់ទៅ ជួយសម្រាលដល់ស្រ្តីដែលសម្រាលកូន ដំបូងខាងលើនេះរួចទើបបញ្ជូនមកមណ្ឌល សុខភាពជាក្រោយ ។
លោកបញ្ជាក់ថា ទារកដែលសម្រាល មកនោះមានសុខភាពមាំទាំដូចជាទារក ទារិកាឯទៀតដែលមានទម្ងន់ដល់ទៅ៣គីឡូក្រាម ហើយពេលនេះទាំងទារក និងម្តាយ ស្ថិតនៅក្នុងការសម្រាកព្យាបាលបន្តនៅ មណ្ឌលសុខភាពឃុំស្រែក្រសាំង។
គួររំលឹកថា ករណីស្រ្តីសម្រាលកូនតាមផ្លូវបានកើតមានឡើងជាបន្តបន្ទាប់ដោយ សារកត្តាផ្សេងៗដូចជាស្រ្តីខ្លះមិនចាំថ្ងៃមាន គភ៌ ខ្លះទៀតបណ្តាលមកពីកត្តាជីវភាព និងយឺតយ៉ាវ ដោយសារស្ទះចរាចរណ៍ ព្រមទាំងមានកត្តាជាច្រើនទៀតតែយ៉ាងណាត្រូវបានជួយសង្គ្រោះពីអ្នកភូមិនិងក្រុមគ្រូពេទ្យជំនាញផងដែរ ៕ សហការី