ភ្នំពេញ៖ ថ្មីៗនេះ គេសង្កេតឃើញអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាចែកចាយតៗគ្នា និងបញ្ចេញមតិរៀងៗខ្លួនពាក់ព័ន្ធនឹង
បញ្ហាស្ពានអាកាសសម្រាប់ អ្នកថ្មើរជើងឆ្លងកាត់ទទឹងផ្លូវជាតិលេខ៤ នៅចំណុចផ្សារ ជម្ពូវ័ន ឬមុខវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ដោយលើកឡើងថា ការសាងសង់បែបនេះហាក់មិនត្រឹមត្រូវឡើយ ព្រោះទុកឲ្យអ្នកថ្មើរជើងដើរឆ្លងផ្លូវដដែល។ ជុំវិញបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានបកស្រាយនិងធ្វើការបំភ្លឺជូនសាធារណជននៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ ។
រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា «ដោយមានបញ្ហាចម្ងល់ក្នុងបណ្តាញហ្វេស ប៊ុកស្តីពីករណីស្ពានអាកាសថ្មើរជើងនៅផ្លូវ ជាតិលេខ៤ មន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញសូមថ្លែងអំណរ គុណនូវមតិយោបល់និងសូមធ្វើការបំភ្លឺ ជូនសាធារណជនដូចខាងក្រោម៖
១-ការសិក្សាគម្រោងឈរលើហេតុ ផលបច្ចេកទេស និងផលប៉ះពាល់ជាចម្បង គឺជាការសិក្សាដោះស្រាយបញ្ហាចរាចរណ៍ដោយរៀបចំជាហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ រួមមានបញ្ហាលំហូរចរាចរណ៍ បញ្ហាចំណត រថយន្ត បញ្ហាសុវត្ថិភាព បញ្ហាថ្មើរជើង បញ្ហា បណ្តាញប្រឡាយបង្ហូរ និងរៀបចំសណ្តាប់ ធ្នាប់ឲ្យបានល្អ។
២-បញ្ហាផលប៉ះពាល់ផ្សេងៗដូចជា បណ្តាញអគ្គិសនី បណ្តាញទឹក បណ្តាញ ប្រៃសណីយ៍…និងផលប៉ះពាល់ដល់ប្រជា ពលរដ្ឋជារឿងសំខាន់។ ករណីនេះបើ ជណ្តើរស្ពានថ្មើរជើងចុះឬឡើងចំពីមុខផ្ទះកៀកមាត់ទ្វារផ្ទះនោះម្ចាស់ផ្ទះនឹងជំទាស់ដាច់ខាតដោយសារជណ្តើរបិទមុខផ្ទះប្រជា ពលរដ្ឋ ។
៣-ផ្លូវក្រៅសងខាងសម្រាប់តែយាន យន្តចេញនិងចូលផ្ទះប្រជាពលរដ្ឋសងខាង ផ្លូវប៉ុណ្ណោះជាផ្លូវចរាចរណ៍មិនច្រើនទេ ហើយបើធ្វើដំណើរផ្លូវឆ្ងាយយានយន្តត្រូវបត់ទៅគន្លងផ្លូវកណ្តាលចំនួន៦ខ្សែដែលជាផ្លូវល្បឿនលឿន គ្មានឧបសគ្គ ។
៤-ជួររត់ត្រង់និងគន្លងជណ្តេីរស្របផ្លូវនេះយើងបង្កើតបានចំណតរថយន្តជាច្រើន រួមទាំងរៀបចំសួនច្បារផងដែរ។ ទីតាំង នេះបើដោះស្រាយបញ្ហាចំណតមិនបាន ការកកស្ទះចរាចរណ៍ច្បាស់ជាកើតមាន ដដែល ។
៥-ការរៀបចំប្រឡាយបង្ហូរទឹកនិង បណ្តាញលូ។ ដោយសារទីតាំងនេះជាតំបន់ រងនូវទឹកជំនន់លិចយើងបានសិក្សាទីតាំងគ្រឹះស្ពានមិនឲ្យប៉ះពាល់ដល់បណ្តាញផ្លូវទឹក និងបណ្តាញបំពង់ក្រោមដីទឹកស្អាត ផងដែរ» ៕ ហេង សូរិយា