ប្រហែលជិត២សប្តាហ៍នេះ សកម្មភាពនាំឈើទៅវៀតណាម តាមច្រកមុឺនជ័យ ខេត្តព្រៃវែង បានកើតមានសារជាថ្មីយ៉ាងគគ្រឹកគគ្រេង សុទ្ធតែប្រើប្រាស់ឡានយីឌុប និងឡានឃ្លុបបិទជិត ធ្វើជាមធ្យោបាយដឹកជញ្ជូន ក្នុងនោះ មានឈើរបស់ឧកញ៉ា លី ឈុនអ៊ូ ផងដែរ គាត់អតីតជាមេឈ្មួញឈើគ្រញូង ដែលសមត្ថកិច្ចចាប់ញឹកញាប់ និងមិនរាងចាល ។
ឈើដឹកទៅវៀតណាម តាមច្រកមុឺនជ័យ គឺដឹកជញ្ជូនមកពីខេត្តស្ទឹងត្រែង (ឈើបាតអាង) មកពីខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ មានប្រភេទឈើធ្នង់ សុក្រំ រាជកុល(ម្រេញ)។ ការដឹកឈើនេះ ជ្រកក្រោមPC ចែកចាយក្នុងស្រុក យកមកដាក់តាមសន្និធិជិតទីនោះ តែមិនបានលើកឈើដាក់ចូលដេប៉ូទេ គឺលើកពីរឡាន មកដាក់មួយឡានដឹកចេញទៅវៀតណាមដូចហែកឋិន ។ អ្នករត់ការតាមច្រកនេះ គឺគេដឹងថា៖ លោកស្រី ស៊ូ ម៉ារីណា ហៅពៅ ប្រពន្ធលោក រស់ ភឿន ស្នងការរងខេត្តព្រៃវែង ទទួលបន្ទុកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ហើយភរិយាលោកស្នងការរងរូបនេះពីមុនជាអ្នកចេញមុខរត់ការនាំឈើទៅវៀតណាមតាមច្រកចក្រី ល្បីពេញខេត្ត។
សមត្ថកិច្ចពាក់ព័ន្ធមិនទាន់មានចំណាត់ការបង្ក្រាប ទប់ស្កាត់នៅឡើយទេ សង្ស័យថា រឿងឈើចេញទៅវៀតណាមនេះ អាចទទួលប្រយោជន៍ក្នុងកម្រិតណាមួយពីឈ្មួញឬអ្នករត់ការ ៕