រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចបញ្ជូនទាហាន១ម៉ឺននាក់ទៅកាន់តំបន់ស៊ីនជាំង ដើម្បីការពារការវាយ ប្រហារភេរវកម្ម និងក្រុមបះបោរ ។
តាមសារព័ត៌មាន Liberation បានផ្សាយថា ទាហានចិនជាង១ម៉ឺននាក់បានយាមល្បាតនៅតាមដងវិថីនានា ក្នុងទីក្រុង Urumqi ខេត្តស៊ីងជាំង ក្រោយពេលរដ្ឋាភិបាលបើកយុទ្ធនាការវាយប្រហារប្រឆាំងក្រុមភេរវកម្មនៅទីនោះ ។
ប៉ូលិសប្រមាណ១.៥០០នាក់ប្រដាប់ដោយអាវុធ បានដាក់ពង្រាយនៅទីក្រុង ធំៗចំនួន៣ គឺទីក្រុង Hotan, Kashgar និង Aksu ដែលតែងតែរងការវាយប្រហារដោយក្រុមភេរវកម្ម និងក្រុមបះបោរជ្រុលនិយម។
តំបន់ស៊ីនជាំង ជាទីកន្លែងមានជនជាតិអ៊ុយហ្គ័រកាន់សាសនាអិស្លាមរស់នៅច្រើនបំផុត។ ពេលកន្លងមកថ្មីតំបន់នោះតែងតែរងការវាយប្រហារ និងប៉ះទង្គិចគ្នារវាងប៉ូលិស នឹងក្រុមបះបោរទាមទារផ្តាច់ខ្លួន ។
មន្ត្រីចិនបានបញ្ជាក់ថា ការវាយប្រហារ ទាំងឡាយ នាពេលកន្លងមកបង្កឡើងដោយ ក្រុមជនជាតិអ៊ុយហ្គ័រ ដែលមានការជួយជ្រោមជ្រែងពីក្រុមភេរវកម្មនៅក្រៅប្រទេស ៕ ម៉ែវ សាធី