ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី ២ ខែ មីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក អូលីវីយេ ឃ្លាំន (Olivier Klein) អគ្គនាយកធនាគារបារាំង Group Bred Populaire ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក Olivier Klein បានជម្រាបជូន សម្តេចតេជោ អំពីសម្ព័ន្ធធនាគារ Bred Populaire របស់បារាំងដែលមានបុគ្គលិកចំនួន៤ម៉ឺននាក់ ហើយចំពោះលោកផ្ទាល់គឺមានសេចក្តីរីករាយណាស់ដែលបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងមានស្ថេរភាព និងកំណើនសេដ្ឋកិច្ចល្អ។ តាមពិតទៅ ធនាគារ Bred Populaire បានបង្កើតឡើងតាំងពី១០០ឆ្នាំមុន ដោយមូលហេតុម្ចាស់ក្រុមហ៊ុនបានយល់ឃើញថា ធនាគារនៅប្រទេសបារាំង មិនបានឲ្យសហគ្រាសបារាំងបានខ្ចីលុយគ្រប់គ្រាន់ដើម្បីជម្រុញការងារវិនិយោគរបស់គេ។ ដូច្នេះហើយធនាគារនេះក៏បានចាប់ផ្តើមឡើងជាមួយយុទ្ធសាស្ត្រសហការជាមួយសហគ្រាសទាំងក្នុង និងក្រៅប្រទេស សម្រាប់រយៈពេលវែង។ លោក Olivier Klein ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រឲ្យធនាគារ Bred Populaire មានវត្តមាននៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តី រីករាយស្វាគមន៍ ធនាគារ Bred Populaire ដែលបានមកវិនិយោគនៅកម្ពុជា ដែលជាការបង្ហាញអោយអ្នកវិនិយោគទុនបារាំងដទៃៗទៀតកាន់តែមានភាពកក់ក្តៅ និងជំនឿទុកចិត្តក្នុងការមកបណ្តាក់ទុននៅក្ពុជា។ វត្តមានរបស់ធនាគារ Bred Populaire កំពុងចាប់ផ្តើមនៅក្នុងពេលវេលាដ៏ត្រឹមត្រូវបំផុត ព្រោះពេលនេះ កម្ពុជាកំពុងត្រូវការទុនវិនិយោគក្នុងពេលប្រទេសកំពុងជម្រុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មដែលជាទិសដៅដ៏សំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរឲ្យធនាគារ Bred Populaire ទទួលបានជោគជ័យនៅក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ៕