តំណាងរាស្ត្រម៉ិចស៊ីកូមួយរូបបានផ្លោះរបងព្រំដែនម៉ិចស៊ីកូ-អាមេរិក ដើម្បីជាសារផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា គោលនយោបាយសាងសង់ជញ្ជាំង ព្រំដែនរបស់លោក ដូណាល់ ត្រាំ គឺជារឿង អត់ប្រយោជន៍មិនអាចរារាំងអ្នកឆ្លងកាត់បានឡើយ។
នៅក្នុងរូបភាពតំណាងរាស្ត្រម៉ិចស៊ីកូ បានឡើងលើរបងកម្ពស់៨ម៉ែត្រនៅតំបន់ Tijuana តំណាងរាស្ត្រ Braulio Guerra Urbiola បានប្រកាសឲ្យដឹងថា «មិនពិបាក ឡើយក្នុងការឡើងលើរបង»។
តំណាងរាស្ត្ររដ្ឋ Queretaro បាន បញ្ជាក់ទៀតថា «គ្មានអ្វីដែលពិបាកក្នុង ការឡើងលើរបងឆ្លងចូលអាមេរិកនោះឡើយ។ ទាំងនោះបង្ហាញឲ្យឃើញថា ការ សាងសង់របងជញ្ជាំងដែលចំណាយប្រាក់រហូតដល់ទៅ១៥ពាន់លានដុល្លារគ្មានន័យ អ្វីនោះឡើយគឺអាចឆ្លងបានគ្រប់ពេល»។
សារព័ត៌មាន Telegraph បានផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យា សាងសង់របងព្រំដែនមានប្រវែងជាង៣ ពាន់គីឡូម៉ែត្ររវាងអាមេរិកនឹងម៉ិចស៊ីកូ ក្នុងការកាត់បន្ថយជនភៀសខ្លួនខុសច្បាប់ ចូលក្នុងទឹកដីអាមេរិក។ នៅពេលឡើងកាន់ តំណែងលោក ត្រាំ បានចុះហត្ថលេខា សាងសង់ជញ្ជាំងព្រំដែនជាប់ម៉ិចស៊ីកូ។
ជាមួយនឹងការឡើងជញ្ជាំងរបស់ តំណាងរាស្ត្រខាងលើបញ្ជាក់យ៉ាងច្បាស់ ថា ការចំណាយប្រាក់ក្នុងការសាងសង់ ជញ្ជាំងមិនអាចរារាំងពលរដ្ឋធ្វើដំណើរចូល ទៅទឹកដីអាមេរិកនោះឡើយ៕ ម៉ែវ សាធី

តំណាងរាស្ត្រ Braulio Guerra Urbiola
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច