ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ បង្រ្កាបចាប់ខ្លួនជនល្មើសជួញដូរគ្រឿងញៀនម្នាក់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ឡូញ ផានិត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនមុខសញ្ញាខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតមហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ ,ទូរស័ព្ទដៃ០១គ្រឿង ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។
ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះជាមុខសញ្ញជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលសមត្ថកិច្ចនគរបាលកំណត់ និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចទទួលបានព័ត៌មានច្បាស់ការថា ជនសង្ស័យខាងលើនេះធ្វើសកម្មភាពជួញដូរគ្រឿងញៀន ទើបសមត្ថកិច្ចដាក់កម្លាំងចាំឃ្លាំមើលរហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងពាក់ព័ន្ធ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ថ្នាំញៀនខាងលើរូបគេបានទិញពីមេក្លោងជួញដូរគ្រឿងញៀនមិនស្គាល់អត្តសញ្ញាណ នៅម្តុំវាលខ្សាច់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕ ស្អាងជ័យ