ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ជាជនរងគ្រោះ សហការជាមួយនគរបាលប៉ុស្តិ៍ទឹកល្អក់៣ឃាត់ខ្លួន ហើយប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីជននោះបានរំលោភលើសេចក្តីទុកចិត្តដោយបានយកទំនិញទឹកក្រូច(ហ្សែនយ៉ា)ពីដេបូជនរងគ្រោះចំនួន២៤៤កេស ស្មើនឹង២១០០ដុល្លារ យកទៅលក់បន្ត ហើយបានសន្យាថា រយៈពេល១ម៉ោងក្រោយ នឹងយកលុយប្រគល់ឲ្យ តែបែរជាសន្យាខ្យល់គេចខ្លួនបាត់រហូត កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅម្តុំផ្សារដំបូលខៀវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតមកដល់វេលាម៉ោង៩យប់ ថ្ងៃទី៧ខែមីនា ឆ្នាំ២០១៧ ទើបជនរងគ្រោះឃាត់បាននៅផ្សារហេងលី។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ខា ដាវីត អាយុ៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រុកកំណើត ភូមិជំរំសាយធូ សង្កាត់អំពិល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះឈ្មោះ លី ស្រីពេជ្រ អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមការៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យជាម៉ូយបោះដុំ ទំនាក់ទំនងគ្នាជាយូរមកហើយ ។ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅវេលាម៉ោងប្រហែល២និង៣០នាទី ឈ្មោះខា ដាវីត បានមកជឿរ ហ្សែនយ៉ា របស់គាត់ចំនួន២៤៤កេស គិតជាទឹកប្រាក់ស្មើនឹង២១០០ដុល្លារដោយប្រាប់ថា រយៈពេល១ម៉ោងក្រោយ នឹងយកលុយមកឲ្យ ដោយសារជឿទុកចិត្ត និងជាម៉ូយផងនោះ រួបគាត់ក៏ព្រមឲ្យជឿ។ លុះដល់វេលាកំណត់ បែរជាមិនឃើញជនរូបនេះយកលុយមកឲ្យ ទូរស័ព្ទទៅក៏មិនចូល រហូតមកដល់ថ្ងៃទី៧ ខែមីនា ដដែល ទើបប្រទះឃើញនៅម្តុំផ្សារហេងលី ទើបប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់៣ឲ្យឃាត់ខ្លួន តែដោយសារតែរឿងហេតុ កើតឡើងនៅមូលដ្ឋានប៉ុស្តិ៍ចោមចៅ ទើបសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់៣ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅដោះស្រាយ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា លុយដែលលក់ឥវ៉ាន់បានចំនួនជាង១ពាន់ដុល្លារហើយបានយកទៅលេងល្បែងចាញ់អស់ ទើបគ្មានលុយសងទៅលើម្ចាស់បំណុល ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយបន្ត ៕ សុខាសែនជ័យ