ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តឧត្តរមានជ័យម្នាក់បាញ់សម្លាប់ប្រពន្ធនៅថ្ងៃសិទ្ធិនារីព្រោះភ្លើងប្រចណ្ឌ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅយប់ថ្ងៃទិវាសិទ្ធិ នារីអន្តរជាតិ៨មីនាស្ត្រីម្នាក់ត្រូវបានប្តីជា មន្ត្រីនគរបាលបាញ់សម្លាប់គួរឲ្យអាណោច អាធ័មព្រោះតែភ្លើងប្រចណ្ឌគ្មានហេតុផល។ ហេតុការណ៍បាញ់សម្លាប់នេះបានកើតឡើងនៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៧ ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ។

ប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះស្ត្រីរងគ្រោះបានឲ្យដឹងថា ជនដៃដល់ឈ្មោះ បូរិន ជាមន្ត្រីនគរបាលពាក់ស័ក្តិ៣ផ្នែកព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរ បាលខេត្តឧត្តរមានជ័យ។ ចំណែកប្រពន្ធ ឈ្មោះ ស្រី ពៅ អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មានមុខរបរជាអ្នកបម្រើការងារនៅហាងខារ៉ាអូខេ ។

បើតាមប្រជាពលរដ្ឋនិយាយថា ករណីបាញ់ប្រហារប្រពន្ធស្លាប់នេះសង្ស័យកើតឡើងដោយសារតែភ្លើងប្រចណ្ឌ ប៉ុន្តែរឿង ស៊ីជម្រៅបែបណាពួកគាត់មិនដឹងច្បាស់នោះទេក្រោយកើតហេតុជនដៃដល់បាន រត់គេចតែសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ជុំវិញករណីនេះលោក ស៊ុន សាន្ត អធិការក្រុងសំរោងមិនអាចសុំធ្វើអធិប្បាយ បានទេដោយលោកប្រាប់ថា រវល់ការកូន។ ដោយឡែកលោក ស៊ុយ ហាក់ អធិការរងក៏ពុំអាចសុំការពន្យល់បានដែរដោយលោក ប្រាប់ឲ្យសួរទៅលោក ឡឹក សុខា ស្នងការរងខេត្តទើបដឹងរឿងនេះច្បាស់ព្រោះសំណុំរឿងនៅលើដៃលោក។

លោក ឡឹក សុខា ស្នងការរងទទួល បន្ទុកការិយាល័យព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៩ ខែមីនា ថា នារីរងគ្រោះពីមុនរស់នៅភូមិ-ឃុំបឹង ព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយបច្ចុប្បន្នមកស្នាក់នៅផ្ទះជួលចំណុចភូមិ-ឃុំកើតហេតុ និងជានារីបម្រើការងារខារ៉ា អូខេ។ រយៈពេលកន្លងទៅជនសង្ស័យ មានទំនាក់ទំនងជាមួយនារីរងគ្រោះដែលអាចចាត់ទុកជាប្រពន្ធចុង ឬប្រពន្ធលួច លាក់ជាមួយប្រពន្ធដើម។ ប៉ុន្តែចុងក្រោយ នេះសង្ស័យថា ជនសង្ស័យប្រចណ្ឌនឹង ប្រពន្ធលួចលាក់ខាងលើនេះក៏បានបាញ់សម្លាប់រួចគេចខ្លួនបាត់តែម្តង ។

លោកបញ្ជាក់ថា ករណីនេះសមត្ថកិច្ចជំនាញនិងរូបលោកផ្ទាល់បានដាក់បញ្ជាទៅតាមបណ្តានគរបាលមូលដ្ឋានតាមចាប់ ខ្លួនជនដៃដល់ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់ ៕ ប៉ែន នួន

bantey


ចែករំលែក៖