ខេត្តសៀមរាប៖ រថយន្តយីឌុប២គ្រឿង ដឹកឈើចូលក្រុងសៀមរាបជាបន្តបន្ទាប់កណ្ដាលថ្ងៃត្រង់ សមត្ថកិច្ច ជំនាញមិនហ៊ានចេញមុខសួរនាំឬបង្ក្រាបនោះទេ ខ្លាចឈ្មួញឈើប្ដឹង ប៉ុន្តែករណីនេះ ត្រូវបាន គេធ្វើការអះអាងថា ជារបស់សម្ដេចសង្ឃទេពវង្ស ដឹកយកមកកសាងផ្ទះឱ្យប្រជាពលរដ្ឋ នៅសហគមន៍បឹងពារាំង នៃសង្កាត់ជ្រាវ ក្រុងសៀមរាប ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣៩នាទីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប ។
បើតាមប្រភពច្បាស់ការបានប្រាប់ថា ពួកគេបានឃើញរថយន្តប្រភេទយីឌុប ដឹកឈើ ចូលមកក្នុងក្រុងសៀមរាប ចំនួន២គ្រឿង មាន រថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣.A.៣២៥០ មានឈើចំនួន៥៣ម៉ែត្រគូប និងរថយន្ត១គ្រឿងទៀត មានម៉ាក ហ៊ី យ៉ាន់ ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣.C.៧៦០៧.មានឈើចំនួនប្រហែល៥៤ម៉ែត្រគូប ដែលដឹកមកពីភូមិសាស្ត្រ ស្រុកគូលែន ខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប ទាំងថ្ងៃត្រង់។
ប្រភពបានបន្តឱ្យដឹងថា ឈើ២ឡានធំៗនេះ ខាងបរិស្ថាននិងមេព្រៃកំពុងពិបាក ក្នុងការសម្រេចចិត្តថា ចាប់ឬមិនចាប់ ប្រហែលរង់ចាំបញ្ជាពីថ្នាក់លើសិន។
ជុំវិញករណីនេះ លោក ម៉ុង ប៊ុន លីម នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តសៀមរាប ទើបតែងតាំងឡើងថ្មី បានមានប្រសាសន៍តាមទូរស័ព្ទ ប្រាប់អ្នកសារព័ត៌មានកាលពីវេលាម៉ោង៣និង៤៩នាទីរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ថាលោក កំពុងជាប់រវល់ រួចក៏បិទទូរស័ព្ទ។
ចំណែកលោក ឡឹង សុខា ជាមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទថា ឈើ ២ឡាន នេះ គឺជារបស់សហគមន៍ បឹងពារាំងទេ គឺគេដឹកយកមកធ្វើស្ពាន បើចង់ដឹងច្បាស់ សួរទៅលោក ឡយ ហៅ ម៉ែន វុទ្ធី។
រីឯ លោក ម៉ែន វុទ្ធី ហៅ ឡយ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទថា លោកកំពុងជាប់រវល់ ។
មជ្ឈដ្ឋាននានា ក្នុងខេត្តសៀមរាប បាននាំគ្នាខ្សឹបថាចំពោះឈើចំនួន២គ្រឿងនេះ បើទោះបីជា របស់សម្ដេចសង្ឃ ទេពវង្ស យកមកទុកកសាងស្ពាន ក្នុងសហគមន៍បឹងពារាំង ពិតប្រាកដមែន ក៏ដោយ តែមហាជន មានការសង្ស័យថា មានបង្កប់អំពើពុករលួយផងដែរ ៕ ប៊ុន រិទ្ធី