ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានលួចចូលគាស់ក្នុងតំបន់វារីអគ្គីសនីចាស់ ដែលគេទុកចោល លួចសម្ភារ តែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋឃើញស្រែកឆោឡោ ឡើងដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លវជាតិលេខ៣ ជិតស្ពាន៧មករា ក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ខដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ទី១ឈ្មោះ អាន ស្នា អាយុ៣៣ឆ្នាំ មុខរបរ កម្មសំណង់ ស្នាក់ភូមិដំណាក់សង្កែ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានស្រុកកំណើតនៅភូមិព្រែកចាម ឃុំពន្លិចប្រសាទ ស្រុកពាមរ៍ ខេត្តព្រៃវែង ទី២ឈ្មោះ មុំ សុខចំរើន អាយុ២៥ឆ្នាំ មុខរបរអ្នកបើកឡាន ស្នាក់នៅភូមិព្រែឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញជនសង្ស័យ២នាក់ បានជិះម៉ូតូ PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1AO-0349 មកឈប់ម៉ូតូត្រង់ចំណុចវារីអគ្គីសនី ខណៈនោះ ស្រាប់តែជនសង្ស័យម្នាក់ឈ្មោះ អាន ស្នា បានចូលទៅក្នុងវារីអគ្គីសនី និងទុកឲ្យឈ្មោះ មុំ សុខចំរើន ជាអ្នកនៅចាំខាងក្រៅ ដោយមានការសង្ស័យពួកគាត់បាននាំគ្នាទៅលបមើល ស្រាប់តែជនសង្ស័យដែលចូលទៅខាងក្នុងនោះ កំពុងតែធ្វើសកម្មភាពគាស់ទូដែលគេដាក់អីវ៉ាន ក៏បានស្រែកហៅគ្នាមកជួយមើល ក៏ត្រូវជនសង្ស័យដែលនៅខាងក្រៅបានឃើញ បានស្រែកហៅគ្នាវា ដែលនៅខាងក្នុងថា មានគេមកហើយ ឮដូចនោះគ្នាវាបានរត់ ចេញមកខាងក្រៅ ដោយបានរត់គេចខ្លួន ពេលនោះបានរត់ដល់ស្ពាន៧មករា បានលោតទៅខាងក្រោមបណ្ដាលឲ្យឈ្មោះ អាន ស្នា បាក់ជើងខាងធ្វេង ទើបចាប់បាន ចំណែកជនសង្ស័យម្នាក់ទៀត ក៏ចាប់បានភ្លាមៗដែរ ។
បច្ចប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងតែសាកសួរនៅប៉ុស្តិ៍នគរបាលក្រាំងពង្រ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ខដង្កោចាត់ការតាមនីតិវិធីបន្ដ៕ ភារ៉ា ដង្កោ