ព័ត៌មានទាន់ហេតុការណ៍៖

ជលផលពោធិ៍សាត់ទុកបទល្មើសផងទុកមន្ត្រីចាស់ៗមិនឲ្យចូលនិវត្តន៍ផង

ចែករំលែក៖

 

ខេត្តពោធិ៍សាត់៖ បទល្មើសនេសាទ នៅខេត្តពោធិ៍សាត់នៅតែកើតមានជាហូរ ហែដោយសារតែការបិទភ្នែកបត់ដុំដៃរបស់ នាយខណ្ឌរដ្ឋបាលជលផលខេត្តនេះ។ គណៈកម្មការបង្ក្រាបទល្មើសនេសាទបឹង ទន្លេសាបទទួលស្គាល់ថា បទល្មើសនេសាទ ក្នុងដែនសមត្ថកិច្ចខេត្តពោធិ៍សាត់នៅតែកើត មាន។ ករណីនេះត្រូវបានមជ្ឈដ្ឋានអ្នក នេសាទលើកឡើងថា ដោយសារតែការ ឃុបឃិតគ្នារវាងសមត្ថកិច្ចជំនាញជាមួយក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះ។ ក្រៅពីនេះនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ក៏ជាអ្នកចិញ្ចឹមមន្ត្រីពុករលួយនិងមិនព្រមចូលនិវត្តន៍នោះផងដែរ។

លិខិតជាពាក្យបណ្តឹងរបស់មន្ត្រីរដ្ឋបាល ជលផលពោធិ៍សាត់ផ្ញើជូនរដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោក ភុំ វិមល បាននិងកំពុងភូតកុហក ថ្នាក់ដឹកនាំក្រសួងអំពីមន្ត្រីរាជការ៣នាក់ដែលបន្តការងារ ប៉ុន្តែពួកគេទាំង៣នាក់ បានចូលនិវត្តន៍តាំងពីឆ្នាំ២០១៥ ។

នៅក្នុងពាក្យបណ្តឹងបានឲ្យដឹងថា មន្ត្រី រាជការ៣នាក់ដែលបាននិងកំពុងបន្តធ្វើការ ក្នុងក្របខ័ណ្ឌរដ្ឋបាលជលផលពោធិ៍សាត់រហូតដល់សព្វថ្ងៃមានឈ្មោះ ១-ស្វាយ សំអាត ថ្ងៃខែឆ្នាំកំណើត ១០ តុលា ១៩៦០ បច្ចុប្បន្នជានាយផ្នែករដ្ឋបាលជលផលស្តីទីក្រគរ, ២-សុខ រិន ថ្ងៃខែឆ្នាំកំណើត ២៥ មករា ១៩៦១ បច្ចុប្បន្នជានាយរងសង្កាត់ រដ្ឋបាលជលផលកំពង់ហ្លួង និងទី៣-ភេម សុខុន ថ្ងៃខែឆ្នាំកំណើត ១៦ ឧសភា ១៩៦១ បច្ចុប្បន្នជានាយសង្កាត់រដ្ឋបាលជល បាកាន ។ មន្ត្រីទាំង៣នាក់ខាងលើការពិតមិនមានឈ្មោះក្នុងក្របខ័ណ្ឌ(ខ) ដូចក្នុង តារាងទី២ដែលចុះហត្ថលេខាទទួលស្គាល់ដោយលោក ភុំ វិមល នោះទេ មិនតែ ប៉ុណ្ណោះពួកគេបានចូលនិវត្តន៍តាំងពីឆ្នាំ ២០១៥។ ប៉ុន្តែដោយមន្ត្រីទាំង៣នាក់មានតួនាទីសំខាន់ក្នុងការប្រមូលប្រាក់និងមានការឃុបឃិតជាមួយលោកភុំ វិមល ទើប ពួកគេអាចនៅបម្រើការជាមន្ត្រីរាជការ ដដែលបាន ។

ទោះបីដឹងថា ទង្វើរបស់ខ្លួនបំពានច្បាប់ មន្ត្រីរាជការខ្យល់ទាំង៣នាក់ក៏ដោយក៏លោកភុំ វិមល បន្តលាក់បាំងដើម្បីទទួលបានផលប្រយោជន៍ និងលាភសក្ការៈដោយ មិនខ្លាចច្បាប់នោះដែរ។

បើតាមពាក្យបណ្តឹងបានឲ្យដឹងទៀត ថា មានអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ជាអ្នករត់ការឲ្យមន្ត្រីទាំង៣នាក់នោះ ព្រមទាំង មន្ត្រីមួយចំនួនទៀតដែលបានរួមគំនិតភូតកុហក និងក្លែងបន្លំឯកសារជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័ន ផ្សេងៗទៀត។ សកម្មភាពទាំងអស់នេះត្រូវ បានគេអះអាងថា មន្ត្រីខ្យល់ទាំង៣នាក់នោះចំណាយថវិកាយ៉ាងច្រើនដើម្បីធ្វើយ៉ាង ណាឲ្យពួកគេបន្តសកម្មភាព ពោលគឺនៅធ្វើ ការងារកន្លែងដដែលបើទោះបីពួកគេត្រូវ ចូលនិវត្តន៍តាំងពីឆ្នាំ២០១៥មកក៏ដោយ។ ម្យ៉ាងទៀតលោក ភុំ វិមល ជាអ្នកនៅពី ក្រោយខ្នងពួកមន្ត្រីទាំង៣នាក់នេះ ។

អំពើទាំងអស់នេះបានធ្វើឲ្យជះឥទ្ធិពល យ៉ាងអាក្រក់ដល់មន្ត្រីផ្សេងៗទៀតក្នុងខណ្ឌ រដ្ឋបាលជលផលពោធិ៍សាត់ដែលពួកគេបានខិតខំរៀនសូត្រ និងបានខិតខំធ្វើការដើម្បីរួមចំណែកក្នុងការការពារធនធាន ធម្មជាតិនិងការដឹកនាំ ប៉ុន្តែពុំមានឱកាសបានធ្វើការនោះឡើយ។ ទង្វើរបស់ពួកគេ បង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សតិអារម្មណ៍ មន្ត្រីរាជការស្ទើរទាំងអស់ក្នុងខណ្ឌរដ្ឋបាល ជលផលពោធិ៍សាត់ ។

ករណីរបស់លោក ភុំ វិមល និងមន្ត្រី ទាំង៣នាក់នេះបានធ្វើឲ្យបាត់បង់ការខិតខំប្រឹងប្រែងរបស់ស្ថាប័នជលផល ពិសេស សកម្មភាពនៃការបង្ក្រាបបទល្មើស ពីព្រោះ ពួកមន្ត្រីទាំង៣នាក់នេះត្រូវគេមើលឃើញថា ជាអ្នកនៅពីក្រោយខ្នងនៃការកសាង បទល្មើសនេសាទក្នុងខេត្តពោធិ៍សាត់ ។

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាល ជលផលពោធិ៍សាត់នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បាន មានប្រសាសន៍ថា “ខ្ញុំមិនឆ្លើយតបអ្វីនោះ ទេ។ គាត់(បុរសទាំង៣នាក់)គ្មានសិទ្ធិធ្វើ ការងារអ្វីឡើយ ហើយក៏មិនបានធ្វើការអ្វី នោះដែរ” ។

បើទោះជាយ៉ាងនេះក្តីប្រភពព័ត៌មាន រាយការណ៍ថា មន្ត្រីរាជការទាំង៣នាក់ ខាងលើនេះគឺជាដៃជើងរបស់លោកនាយ ខណ្ឌក្នុងការបណ្តែតបណ្តោយឲ្យមានបទ ល្មើសនេសាទនៅបឹងទន្លេសាបជារៀង រាល់ថ្ងៃ ៕ ហេង សូរិយា

ae srnews-884


ចែករំលែក៖