ក្រសួងការបរទេសអុីរ៉ាក់បានប្រកាសថា គ្រាប់បែកពីរគ្រាប់បានផ្ទុះឡើងគោលដៅវាយប្រហារទៅលើក្រុមព្យុហយាត្រានិកាយស៊ីអីដក្នុងទីក្រុងដាម៉ាកាស បណ្តាលឲ្យបាត់បង់ជីវិតពលរដ្ឋអុីរ៉ាក់៤០នាក់ និងរងរបួស១២០នាក់ទៀតដែលបានទៅកាន់ព្រះវិហារដើម្បីបួងសួង ។
មិនទាន់មានការប្រកាសទទួលស្គាល់ការវាយប្រហារកាលពីថ្ងៃទី១១ ខែមីនា នេះទេ ហើយបើតាមបណ្តាញទូរទស្សន៍ Manar TV គ្រប់គ្រងដោយក្រុមហេស៍បូឡាសផ្សព្វផ្សាយថា ការវាយប្រហារនេះបង្កឡើងដោយជនវាយប្រហារគ្រាប់បែកអត្តឃាត២នាក់ ។
បណ្តាញទូរទស្សន៍ស៊ីរីបានផ្សព្វផ្សាយឲ្យឃើញថា រថយន្តក្រុងជាច្រើនគ្រឿងបានរងការខូចខាត បែកបាក់កញ្ចក់ខ្ទាតរ៉ាយប៉ាយពេញផ្លូវជាមួយស្បែកជើង ដំណក់ឈាមជនរងគ្រោះហូរដាបពាស់ពេញកន្លែងកើតហេតុ ។
ប្រធានាធិបតីស៊ីរី លោកបាសា អាល់អាសាដ ទទួលបានការគាំទ្រឲ្យធ្វើសង្គ្រាមស៊ីវិលនៅក្នុងប្រទេសពីសំណាក់ក្រុមអិស្លាមនិកាយស៊ីអីត ដែលមកពីប្រទេសជាច្រើន ក្នុងនោះដូចជាអុីរ៉ាក់ អាហ្វហ្គានីស្ថាន និងលីបង់ជាដើម ។
ការវាយប្រហារគ្រាប់បែកខាងលើនេះបានកើតឡើងនៅស្ថានីយរថយន្តក្រុង ខណៈដែលក្រុមព្យុហយាត្រាទាំងនោះត្រូវបាននាំឲ្យទៅចូលរួមពិធីជិតចេតិយព្រះនាង Bab al-Saghir ។
គ្រាប់បែកទី២បានផ្ទុះឡើង១០នាទី ក្រោយគ្រាប់បែកទី១បានផ្ទុះឡើងនៅវេលាម៉ោង៨ព្រឹក ម៉ោងនៅក្នុងតំបន់ ថ្ងៃទី១១ ខែមីនា ធ្វើឲ្យមនុស្សម្នាដែលកកកុញចោមរោមមើលហេតុការណ៍លើកទី១នោះ កាន់តែបាត់បង់ជីវិត និងរងរបួសច្រើនបន្ថែមទៀត ។
ព្រះវិហារព្រះនាង Sayeda Zeinab ចៅស្រីបង្កើតរបស់ព្រះ Prophet Mohammad នោះគឺជាទីសក្ការបូជារបស់ក្រុមអិស្លាមនិកាយសុីអីត ។ ព្រះវិហាររបស់ព្រះនាង តែងតែក្លាយជាទីតាំងធ្វើមហាព្យុហយាត្រារបស់ក្រុមសុីអីត ដែលមកពីជុំវិញពិភពលោក ។
ក្រុមសង្កេតការសិទ្ធិមនុស្សសុីរីមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍ថា ជនរងគ្រោះក្នុងការវាយប្រហារខាងលើបាត់បង់ជីវិត៤៤នាក់ ។ ចំនួននេះកើនឡើងបន្ថែមទៀត ខណៈជនរងរបួសធ្ងន់មានចំនួនច្រើន ។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ក្រុមរដ្ឋអិស្លាមបានប្រកាសទទួលខុសត្រូវការវាយប្រហារគ្រាប់បែកជិតព្រះវិហារ Sayeda Zeinab ។ ការវាយប្រហារគ្រាប់បែកចុងក្រោយបង្អស់នៅក្នុងទីក្រុងដាម៉ាកាស គឺកើតឡើងក្នុងខែមករា ឆ្នាំ២០១៧ ដោយសម្លាប់មនុស្ស៧នាក់ ៕ ថាច់ យ៉ាត