ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាសក្លែមសំដីក្លាយជាជម្លោះកាប់ប្រហារគ្នា អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក

ចែករំលែក៖

ខេត្តកណ្តាលៈ បុរស២នាក់ធ្លាប់ជាមិត្តរួមការងារជុំគ្នាផឹកស្រាសក្លែមសំដីរហូតក្លាយទៅជាជម្លោះកាប់ប្រហារគ្នា បណ្តាលឲ្យម្ខាងរងរបួសយ៉ាងធ្ងន់ ម្ខាងទៀតត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ខ្លួនរួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ករណីហិង្សាដោយចេតនានេះបានកើតឡើង កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ស្រស់ ស្រីស្រួល ហៅមាស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ។ ចំណែកឯជនរងគ្រោះឈ្មោះ វណ្ណា ម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះបាននាំគ្នាទិញស្រាសយកមកផឹកជុំគ្នា បន្ទាប់ពីផឹកស្រវឹងស្រឿងៗជនរងគ្រោះបាននិយាយឌឺដងឲ្យជនសង្ស័យថា “ឯងកុំខ្លាំងដាក់អញ សូម្បីតែកាលទៅធ្វើជាកម្មករនៅឯប្រទេសថៃ ក៏ឯងរកលុយចាញ់អញដែរ” ។ ពាក្យសំដីឌឺដងនេះបានធ្វើឲ្យជនសង្ស័យផ្ទុះក្តីខឹងសម្បាយ៉ាងខ្លាំង ក៏ស្ទុះទាញយកកាំបិតផ្គាក់ និងដែកបំពងទី ធ្វើសកម្មភាពវាយនិងកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ខ្លួនរួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងពីបទហិង្សាដោយចេតនា បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះរងរបួសដៃយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯប្រទេសវៀតណាម ៕ស្អាងជ័យ

ae (1) ae (2) ae (3)


ចែករំលែក៖