ភ្នំពេញ ៖ ដោយសារតែធ្វើការប្រហែស ធ្វើឲ្យកម្មករសំណង់ម្នាក់រងរបួសធ្ងន់ នៅពេលឈោងចាប់ធុងខ្សាច់ដែលយោងទៅជាន់ទី២ ហើយភ្លាត់ស្នៀតជាន់ផុតក្តាទម្របណ្តាលឲ្យ ផុងរបូតជើងធ្លាក់តាំងពីជាន់ទី២ មកជង់ចម្រឹងដែកទ្វារមុតរយះជើងនិងទ្រូង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅការដ្ឋានសំណង់ ផ្ទះមួយកន្លែង ក្នុងភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ផាន់ សៀន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកម្មករសំណង់ មកធ្វើការងារបានរយៈពេល ២ខែមកហើយ ស្នាក់នៅក្នុងការដ្ឋានសំណង់ កន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រៃខ្ជាយ ឃុំស្នាយអាណិត ស្រុកជុំគិរី ខេត្តកំពត មានប្រពន្ធឈ្មោះ មុល ម៉ារិន អាយុ ៣២ឆ្នាំ និងមានកូន ៤នាក់រស់កនុងបន្ទុក។ ចំណែកម្ចាស់ផ្ទះកើតហេតុខាងលើ មានឈ្មោះ ញ៉េម អាង ភេទស្រី អាយុ ៦៤ឆ្នាំ ។
សាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលម៉ោងការងារត្រូវបានបញ្ចប់ ទៅហើយនោះ ជនរងគ្រោះមិនទាន់ឈប់ទេគឺនៅបង្ហើយការងារបន្តិចដោយរង់ចាំចាប់យកធុងខ្សាច់ យោងពីក្រោមយកទៅដាក់នៅជាន់ទី២។ ពេលដែលយោងធុងខ្សាច់ដល់ជាន់ទី២ហើយនោះ ជនរងគ្រោះបានឈោងចាប់យកធុងខ្សាច់ តែភ្លាត់ស្នៀតជាន់ក្តាទម្រផុតជើងទើបជ្រុលធ្លាក់ ទៅជង់នឹងចម្រឹងដែកទ្វារខាងក្រោមបណ្តាលឲ្យរងរបួសមុតរយៈជើងស្តាំនិង ទ្រូងយ៉ាងធ្ងន់ធ្ងរ ។បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗតែម្តង ៕ សុខាសែនជ័យ