ព័ត៌មានទាន់ហេតុការណ៍៖

លំនៅឋានប្រជាពលរដ្ឋ៨៧ខ្នងនៅខេត្តព្រះវិហារឧត្តរមានជ័យនិងប៉ៃលិនរងការខូចខាតដោយសារខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ គ្រោះធម្មជាតិបានកើតឡើងនៅថ្ងៃទី១៣និងថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១៧ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ៨៧ខ្នង នៅខេត្តព្រះវិហារ៧១ខ្នង នៅខេត្ត ឧត្តរមានជ័យ៤ខ្នង និងខេត្តប៉ៃលិនចំនួន ១២ខ្នង ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញ បណ្តាលឲ្យរងការខូចខាត ប៉ុន្តែមិនទាន់គិតពីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ ។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន៧១ខ្នងបានរងការខូចខាតដោយ សារខ្យល់កន្រ្តាក់ (ភ្លៀងលាយឡំជា មួយខ្យល់) ស្ថិតនៅ៣ឃុំ រួមមានឃុំ ជាំក្សាន្ត ឃុំមរកត និងឃុំទឹកក្រហម កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ។

ដោយឡែកខេត្តឧត្តរមានជ័យ នៅយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ មានករណី ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង ក្នុងភូមិឈូកមាស សង្កាត់កូនក្រៀល និងភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ។

ខេត្តប៉ៃលិនព្រលប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ មានភ្លៀងកក់ខែ១មេ លាយឡំនឹងខ្យល់កន្ត្រាក់របើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នង (ខូចខាតធ្ងន់ចំនួន ៣ខ្នង) នៅភូមិភ្នំកុយចំនួន១២ខ្នង និង ភូមិភ្នំស្ពង់ចំនួន១ខ្នង ស្ថិតក្នុងឃុំសាលា ក្រៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕ ប៉ែន នួន

oo


ចែករំលែក៖