ខេត្តកណ្តាលៈ បុរសម្នាក់ក្រោកពីដំណេក នៅវេលាទៀបភ្លឺ ដើម្បីបើករថយន្តទៅដឹកដី ដោយមិនបានបិតទ្វាផ្ទះ ក៏ត្រូវប្រុសព្រានញៀនថ្នាំលបចូលទៅធ្វើសកម្មភាពឱបថើបប៉ុនប៉ងរំលោភ តែមិនបានសម្រេច ដោយសារតែស្ត្រីរងគ្រោះដឹងខ្លួនទាន់ពេលស្រែកឆោឡោឡើង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០១ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះស្រ្ដីរងគ្រោះ ស្ថិតក្នុងភូមិបត្ដាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
លោក ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកហូរអន្តរាគមន៍ចាប់ខ្លួនពីបទប្រទូស្ដកេរ្ដិ៍ខ្មាស តាមពាក្យបណ្តឹងស្ត្រីរងគ្រោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ចាត់ការតាមនីតិវិធីច្បាប់ ។ ជនសង្ស័យឈ្មោះ ប៊ុន វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រមួនតៃ មានទីលំនៅភូមិបត្ដាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ ចំណែកឯស្រ្ដីរងគ្រោះឈ្មោះ អាយុ២៦ឆ្នាំ ។
លោកអធិការបានបន្ដថា នៅមុនពេលកើតហេតុវេលាយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្រ្ដីរងគ្រោះបានដេកនៅក្នុងផ្ទះជាមួយប្ដី ។ លុះដល់វេលាទៀបភ្លឺ បុរសជាប្ដីបានក្រោកពីដំណេកបើកឡានចេញទៅដឹកដីដូចសព្វមួយដង តែមិនបានបិទទ្វារផ្ទះវិញនោះទេ ស្របពេលនោះជនសង្ស័យដើរកាត់មុខផ្ទះស្ថិតក្នុងសភាពស្រវឹងស្រា ប្រទះឃើញទ្វារផ្ទះស្រ្ដីរងគ្រោះមិនបានបិទ ក៏ដើរចូលទៅធ្វើសកម្មភាពឱបថើបស្រ្ដីរងគ្រោះកំពុងដេកនៅក្នុងមុង ។
ភ្លាមៗនោះស្រ្ដីរងគ្រោះនឹកស្មានថា ជាប្ដីខ្លួន ក៏មិនបានមាត់កអ្វីឡើយ មួយសន្ទុះក្រោយមកទើបដឹងថា មិនមែនជាប្ដីរបស់ខ្លួន ក៏ស្រែកឆោរឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់គេចខ្លួនបាត់ទៅ ។ លុះព្រឹកឡើងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ស្រ្ដីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ឈានដល់ចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ជនសង្ស័យឈ្មោះ ប៊ុន វណ្ណៈ បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា នៅយប់កើតហេតុរូបគេត្រឡប់មកពីជក់ថ្នាំញៀននិងផឹកស្រាវិញ ដើរប្រទះឃើញទ្វារផ្ទះស្រ្ដីរងគ្រោះមិនបិទក៏ចូលទៅឱបថើបស្រ្ដីរងគ្រោះ ខណៈនោះនាងស្រែកឆោឡោឡើង ទើបរូបគេរត់គេចខ្លួនតែម្ដង ។ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ