ព័ត៌មានទាន់ហេតុការណ៍៖

គៃបំបាត់ប្រាក់លក់ឆ្នោតជាង១ម៉ឺនដុល្លារ ប្រធានក្រុមហ៊ុនប្តឹងឲ្យចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ស្រី្តឈ្មោះ វង្ស សុខលាភ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាបុគ្គលិកឆ្នោតខ្មែរភូលវើលហ្វែរឡូតធើរី ខូអិលធីឌី ផ្នែកចែកចាយលើទីផ្សារម្នាក់ ត្រូវបានថៅកែប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០១៧ ពាក់ព័ន្ធក្បត់ទំនុកចិត្ត ក្រុមហ៊ុនកេងបន្លំប្រាក់ ចំនួន១,២៣៨៦ដុល្លារអាមេរិក ជាប្រាក់លក់ឆ្នោត ។

តាមដើមបណ្តឹងបានឲ្យដឹងថា ស្រី្ត ឈ្មោះ វង្ស សុខលាភ បានចូលបម្រើការងារនៅក្រុមហ៊ុនឆ្នោតខ្មែរភូលវើលហ្វែរជាង១ឆ្នាំមកហើយដោយមានតួនាទីជាអ្នកយកសន្លឹកឆ្នោតទៅចែកចាយតាមដេប៉ូនានា និងតាមទីផ្សារក្នុង រាជធានីភ្នំពេញគោរពតាមតួនាទីរបស់ខ្លួនច្បាស់លាស់ណាស់ ។ លុះពេលនាងយកឆ្នោតទៅដាក់តាមដេប៉ូ និងតាមទីផ្សារហើយ នាងត្រូវប្រមូលប្រាក់យកមកបង់ចូលគណនេយ្យក្រុមហ៊ុនវិញ តែពេលចុងក្រោយនេះ ក្រុមហ៊ុនបានទូទាត់បញ្ជីទៅរកឃើញថា នាងបានបំបាត់ប្រាក់ក្រុមហ៊ុនអស់ជាង១ម៉ឺនដុល្លារអាមេរិក ដោយមិនបានយកប្រាក់ដែលលក់សន្លឹកឆ្នោតទៅបង់ឲ្យក្រុមហ៊ុនទេ គឺយកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនអស់ ។ជាមួយនេះដែរក្រុមហ៊ុនបាននិយាយជាមួយនាង វង្ស សុខលាភ ជាច្រើនដងឲ្យនាងរកប្រាក់បង្វិលចូលក្រុមហ៊ុនវិញ តែនាងធ្វើព្រងើយកន្តើយថែមទាំងគេចវេះទៀតទើប ចុងក្រោយថៅកែក្រុមហ៊ុនបានសម្រេចចិត្តប្តឹងទៅសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់តែម្តងទៅ ។

យ៉ាងណា នាង វង្ស សុខលាភ បានទទួលស្គាល់ថា នាងពិតជាបានពាក់ព័ន្ធប្រាក់ក្រុមហ៊ុនឆ្នោខ្មែរខាងលើនោះមែន តែប្រាក់នោះនាងមិនបានយកទៅចាយវាយទេ។ នាងថា ប្រាក់ដែលនៅសេសសល់គឺនាងនៅមិនទាន់បានប្រមូលពីអតិថិជនដែលនៅជំពាក់នៅឡើយទេ ។ ចំណែកភាគីក្រុមហ៊ុនជាដើមបណ្តឹងវិញបាននិយាយថា នេះជាចម្លើយគ្រាន់តែជាការដោះបន្ទុក រឿងដែលសំខាន់ស្ថិតនៅលើភស្តុតាងជាក់ស្តែងដែលតុលាការត្រូវតែស្វែងរកយុត្តិធម៌ជូនក្រុមហ៊ុន ៕ ប្រាថ្នា

abc


ចែករំលែក៖