ខេត្តត្បូងឃ្មំុ៖ ស្រ្តីសង្ស័យជាចោរដើរកាត់ខ្សែកម្នាក់ បានធ្វើសកម្មភាពយកកន្រ្តៃកាត់ខ្សែក កូនក្មេង ក្នុងពេលចង្អៀត មនុស្សម្នាដើរលេងបុណ្បកាន់អង្គ តែចង្រៃវាស៊យបងប្អូនជនរងគ្រោះក្រឡេកឃើញទាន់ឆោឡោចាប់បាន និងស្វាគមន៍បោចសក់ និងថែមម្នាក់១កំភ្លៀង ២កំភ្លៀង ទឹកភ្នែក ទឹកសម្បុរ ហូររលីងរលោង ទើបប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត ។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង ៧និង៣០នាទីព្រលប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅក្នុងកម្មពិធីបុណ្យកាន់អង្គ ក្នុងវត្តវិហារលួង សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ ឈន សុធន អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ នួន សំអាត ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ ក្រុងភ្នំពេញ បានមកធ្វើសកម្មភាពលួចកាត់ខ្សែក ក្មេងស្រី ឈ្មោះ ហាន សុផានលីហ្សា អាយុ ១ឆ្នាំ ៣ខែ(ខ្សែកផ្លាកទីនទម្ងន់ ២,៥ជី) ក្នុងកម្មពិធីបុណ្យកាន់អង្គ ខាងលើហើយត្រូវឪពុកក្មេងស្រីរងគ្រោះ ឈ្មោះ ស៊ុយ ប៊ុនហាន អាយុ៤៧ឆ្នាំ រស់នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង និងសាច់ញាតិឃើញទាន់ ក៏ចាប់ប្រគល់មកសមត្ថកិច្ចនគរបាលចាត់ការបន្ត ។
លោកអធិការក៏បានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលជំនាញក្រុងសួង កសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕ វណ្ណះ