មេដឹកនាំប្រទេសជាច្រើននៅជុំវិញ ពិភពលោកបានថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារ ភេរវកម្មនៅមុខសភាអង់គ្លេសដែលជាការវាយប្រហារដំបូងនៅក្នុងប្រទេស ដែលមានសន្តិសុខតឹងតែង បំផុតក្នុងតំបន់អឺរ៉ុប។ សហរដ្ឋអាមេរិក ប្រទេសអឺរ៉ុប និងអាស៊ីបានថ្កោលទោសទៅលើការវាយប្រហារខាងលើ ដែលជា សកម្មភាពមិនអាចលើកលែងឲ្យបាន។
ហេតុការណ៍វាយប្រហារនោះ នឹង ជម្រុញឲ្យមានការវាយប្រហារប្រឆាំងក្រុមភេរវកម្មកាន់តែខ្លាំងឡើងដើម្បីបញ្ចប់ការបំផុសបំផុលមនោគមន៍វិជ្ជាដល់អ្នកកាន់សាសនាអ៊ិស្លាមផ្សេងទៀតលះបង់ជីវិត ក្នុងការសម្លាប់មនុស្ស។
មេដឹកនាំបារាំង អាល្លីម៉ង់ ដែលធ្លាប់ បានទទួលរងពីការវាយប្រហារដោយអំពើភេវរកម្មស្រដៀងគ្នានេះកាលពីឆ្នាំទៅបានប្រកាសផ្តល់ការគាំទ្រដល់ចក្រភពអង់ គ្លេស។
កន្លងមក ក្រុមប្រឹក្សាសន្តិសុខសហ ប្រជាជាតិ (UNSC) បាននាំគ្នាស្មឹងស្មាធ រយៈពេល១នាទី ដើម្បីចូលរួមគោរពដល់ វិញ្ញាណក្ខន្ធជនរងគ្រោះដែលក្រុមភេរវករវាយប្រហារនៅទីក្រុងឡុងចក្រភពអង់ គ្លេស។
លោក Boris Johnson រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសបានថ្លែងនៅគ្រាដែល លោកចូលរួមធ្វើសេចក្តីថ្លែងការណ៍ខ្លីមួយនៅឯកិច្ចប្រជុំថា “នៅក្នុងពេលបើកកិច្ច ប្រជុំនេះ ក្នុងនាមសមាជិកនៃក្រុមប្រឹក្សាសហប្រជាជាតិ ខ្ញុំសូមផ្តន្ទាទោសយ៉ាងខ្លាំងទៅលើភេរវករដែលបានបើកការវាយ ប្រហារ” ។
គួររំលឹកថា កាលពីថ្ងៃពុធ កន្លងទៅមាន មនុស្ស៤នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួសនៅក្នុងពេលដែលមានការ វាយប្រហារពីភេរវករនៅជិតអគាររដ្ឋសភាក្នុងក្រុងឡុង៕ ម៉ែវ សាធី