ខេត្តកំពង់ចាម ៖ យុវជនម្នាក់បានស្លាប់ភ្លាមមួយរំពេចនឹងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ ជិះម៉ូតូទៅបុកគូទរថយន្ត ពីក្រោយមួយទំហឹង នៅលើស្ពានគីហ្សូណា ហើយក៏ជាករណីស្លាប់លើកទី២ដែរ នៅក្នុងខែនេះ បន្ទាប់ពីស្រ្តីម្នាក់បានស្លាប់ដោយជិះម៉ូតូទៅបុកឃឿនស្ពានស្រដៀងគ្នានៅទីនេះដែរ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅលើស្ពានគីហ្សូណា ក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ត្រី សាម យូសេង អធិការរងនគរបាលក្រុងកំពង់ចាម បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូ ម៉ាក SMX ពណ៌ក្រហម គ្មានស្លាកលេខ យ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត ស្រាប់តែដល់ពាក់កណ្តាលស្ពាន ក៏បុករថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ប្រភពបន្តថា ជនរងគ្រោះឈ្មោះ ចក់ និត ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិថ្នល់លាភ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ចំណែកឯរថយន្តធុនធំមិនដឹងម៉ាក់អ្វីទេ ក៏បើកគេចបាត់ដោយសុវត្ថិភាព ។
ករណីនេះក្រោយកើតហេតុសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ហៅរថយន្តមន្ទីរពេទ្យ ដឹកទៅដំកល់ក្នុងសាល រង់ចាំអាណាព្យាបាលមកទទួល យកទៅបុណ្យតាមប្រពៃណី៕ វណ្ណះ