ទំនាក់ទំនងរវាងចិន នឹងជប៉ុន ដែលប្រឈមមុខតានតឹងស្រាប់ហើយដោយសារតែ វិបត្តិនៅសមុទ្រចិនភាគខាងកើត ហើយរាល់ពេលដែលមន្ត្រីជប៉ុនធ្វើទស្សនកិច្ចព្រះវិហារ សង្គ្រាម ក៏បានបង្កឲ្យមានភាពតានតឹងខ្លាំងឡើង ។
ការបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន របស់ រដ្ឋមន្ត្រីរដ្ឋាភិបាលទីក្រុងតូក្យូ១រូបកាលពីពេលកន្លងមកថ្មីៗធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ។ ចិនបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់មន្ត្រីជប៉ុន គឺ ដើរផ្ទុយទៅនឹងគោលការណ៍ចិនតែមួយ ។
នៅពេលដែលប្រទេសមហាអំណាចមានទំនាក់ទំនងជាមួយកោះតៃវ៉ាន់នោះ គឺតែងតែរងការប្រឆាំងពីចិនដីគោកជានិច្ច ដោយខ្លាចប្រទេសនោះជួយដល់តៃវ៉ាន់ ក្នុងសកម្មភាពផ្សេងៗ ឈានដល់ ការប្រកាសឯករាជ្យ ចេញពីចិនដីគោក។
យោងតាមអត្ថបទព័ត៌មាន ដែលចេញផ្សាយដោយគេហទំព័រ Ibtimesនៅរាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្រសួងការបរទេសប៉េកាំង កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួននឹងប្រឆាំងជាដាច់ខាតចំពោះជំនួបបែបនេះរវាងមេដឹកនាំណាមួយ ជាមួយនឹងតៃវ៉ាន់ ។
គួរបញ្ជាក់ផងដែរថា ក្រសួងកិច្ចការខាងក្នុង និងទំនាក់ទំនង បានឲ្យដឹងថា អនុរដ្ឋមន្ត្រីជប៉ុន Jiro Akama បានធ្វើដំណើរជាផ្លូវការពីតូក្យូទៅកាន់តៃវ៉ាន់ កាលពីថ្ងៃសុក្រ ដើម្បីចូលរួមព្រឹត្តិការលើកកម្ពស់វិស័យ ទេសចរណ៍មួយ ដែលត្រូវប្រារព្ធធ្វើឡើងនោះ ៕ ម៉ែវ សាធី