ខេត្តតាកែវៈ ក្មេងស្រី២ នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរត់ដេញប្រលែងគ្នាលេង ហើយជ្រុលធ្លាក់ចូលក្នុងស្រះទឹកក្នុងវត្តក្រពុំឈូកកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៩និង៥នាទីព្រឹក ភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគបាលស្រុកកោះអណ្តែតបានឲ្យដឹងថា កុមារីរងគ្រោះទី ១ ឈ្មោះ លុយ ឡុងលីតា អាយុ១២ឆ្នាំ ឪពុកឈ្មោះ ឆន ឆុន អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះឡុង អឿន អាយុ២៩ឆ្នាំ រស់នៅភូមិខ្លាគ្រហឹម(ខ) ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ។ កុមារីរងគ្រោះទី២ ឈ្មោះ ប៉ាល សុជា ភេទស្រី អាយុ១៤ឆ្នាំ ឪពុកឈ្មោះ ហ៊ីង រង់ អាយុ៥៥ឆ្នាំ និងម្តាយឈ្មោះ ឌុច ថុន អាយុ៥១ឆ្នាំ រស់នៅនៅភូមិ ឃុំកើតហេតុខាងលើ ហើយមូលហេតុ គឺកុមារីរងគ្រោះទាំង២នាក់ បានរត់ដេញប្រលែងគ្នារួច ក៏ជ្រុលធ្លាក់ចូលក្នុងស្រះទឹកក្នុងវត្តក្រពុំឈូក ពុំមាននរណាឃើញ និងជួយសង្គ្រោះទាន់ ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះស្រាវជ្រាវពិនិត្យសាកសព សង្កេតឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែន ។ រីឯសពកុមារីរងគ្រោះទាំង២នាក់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសាររបៀចំធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា