ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអង់គ្លេសចុះហត្ថលេខា លើច្បាប់ដំណើរការមាត្រាទី៥០ ចាប់ផ្តើមចាកចេញពី អឺរ៉ុប

ចែករំលែក៖

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានចុះហត្ថលេខា លើលិខិតមួយច្បាប់ ដើម្បីដំណើរការ មាត្រាទី៥០ នៃសន្ធិសញ្ញា Lisbon ជាការចាប់ផ្តើម នៃដំណើរ ចាកចេញពីអឺរ៉ុបជាផ្លូវការ ឬហៅថា Brexit។

ជាមួយនឹងការចុះហត្ថលេខាខាងលើ ដំណើរចាកចេញពីអឺរ៉ុប នឹងត្រូវចាប់ផ្តើម ក្រោយពេល ពលរដ្ឋអង់គ្លេសបានសម្រេចបោះឆ្នោតគាំទ្រ ចាកចេញពីអឺរ៉ុប ។ នៅក្នុងលិខិតខាងលើ តំណាង អចិន្ត្រៃយ៍របស់អង់គ្លេសនៅអឺរ៉ុប លោក Time Barrow នឹងបញ្ជូនទៅកាន់ប្រធានគណកម្មាធិការអឺរ៉ុប Donald Tusk នៅវេលាម៉ោង ១៨និង ៣០នាទី ថ្ងៃទី២៩ ខែមីនា ដែលជាលិខិតផ្តាច់ទំនាក់ទំនងជាផ្លូវការរវាងអង់គ្លេស នឹងអឺរ៉ុប។

ក្រោយពេលចុះហត្ថលេខា លោកស្រី May បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ប្រធាន សហគមន៍អឺរ៉ុប Donald Tusk និងអធិកាបតី អាល្លឺម៉ង់ អែនហ្គែលឡា ម៉ាគែល ។ តាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស នៅក្នុងជំនួបពិភាក្សានោះ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា «អឺរ៉ុបនឹងខ្លាំងក្លាជាងមុន ហើយអង់គ្លេស ក៏នៅតែជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អឺរ៉ុបដែលគួរឲ្យទុកចិត្តដដែល»។

នៅព្រឹកថ្ងៃទី២៩ ខែមីនា នាយករដ្ឋមន្ត្រីអង់គ្លេស បាន ដឹកនាំកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី ហើយនឹងមានសុន្ទរកថា នៅក្នុងសភា ពីដំណើរការចាកចេញពីអឺរ៉ុបនោះ ។ លោកស្រីនាយករដ្ឋមន្ត្រីបានសន្យាថា នឹងនាំមកផលប្រយោជន៍ ដល់ពលរដ្ឋអង់គ្លេសគ្រប់រូប ៕ ម៉ែវ សាធី

29a_PXTV brexit5


ចែករំលែក៖