ភ្នំពេញ៖ យុវជនប្រុសស្រី៧នាក់ ត្រូវកម្លាំងប៉ូលីសប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ខណៈពួកគេទៅប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន និងរក្សាអាវុធ(ដាវ)ខុសច្បាប់នៅក្នុងដីឡូតិ៍មួយកន្លែង។
ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចដីឡូតិ៍មួយកន្លែងក្នុងក្រុម៦ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
យុវជនដែលឃាត់ខ្លួនទាំង៧នាក់ នេះទី១ មានឈ្មោះ លន់ ដាវី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបនៅផ្ទះស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខទី២ ឈ្មោះ យ៉ន ស្រីលក្ខ ភេទស្រីអាយុ១៩ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិច្រេសសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខទី៣ ឈ្មោះ ឃឹន ឆាង ភេទប្រុសអាយុ១៦ឆ្នាំមុខរបរមិនពិត ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិពោធិ៍ជ្រែង ឃុំបន្ទាយជគ្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ទី៤ឈ្មោះ យឿង កែវ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅម្តុំវត្តសំរោងអណ្តែត និងមានស្រុកកំណើតភូមិកំពង់ស្វាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល់ ទី៥ឈ្មោះ ដេត សាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិកំពង់លែង ឃុំកំពង់ហាវ ខេត្តកំពង់ឆ្នាំង ទី៦ ឈ្មោះ ញឹក ចាន់សុផានិត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៧ ឈ្មោះ ឃឹម រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិត ស្នាក់នៅម្តុំផ្សារដីហុយ មានស្រុកកំណើតភូមិព្រៃ ឃុំជុំរេះពេន ស្រុកសំរោងខេត្តតាកែវ ។
ប្រភពពីលោក ដួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទី ភ្នំពេញថ្មីបានអោយដឹងថា មុននិងឃាត់ខ្លួនក្រុមក្មេងស្ទាវប្រុសស្រីទាំង៧នាក់ខាងលើនេះគឺប្រជាពលរដ្ឋបានរាយការណ៍មកថាមានក្រុមក្មេងស្ទាវប្រុស ស្រី បាននាំគ្នាទៅប្រមូលផ្តុំក្នុងដីឡូតិ៍គួរឲ្យសង្ស័យ ទើបលោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅដល់ចំណុចខាងលើ ក៏ឃើញពួកគេទាំងនោះហើយឃាត់ខ្លួននិងត្រួតពិនិត្យក៍ឃើញមានដាវចំនួន២ដើម ទើបឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋានខណ្ឌតែម្តង ។
លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា បន្ទាប់ពីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានបញ្ជួនក្រុមក្មេងស្ទាវប្រុសស្រីទាំង៧នាក់មកដល់អធិការដ្ឋានខណ្ឌលោកបានអោយខាងជុំនាញផ្នែកគ្រឿងញៀនធ្វើតេស្តិ៍ទឹកនោមពួកគេរកសារធាតុញៀន ប៉ុន្តែក្នុងនោះមានតែ៥នាក់ទេដែលមានសារធាតុញៀនចំណែកក្មេងស្រីៗនាក់នោះ ពុំមានសារធាតុញៀននោះទេ ហើយក៍អោយអានាព្យាបាលមកធានាត្រឡប់ទៅផ្ទះវិញ ។
ដោយឡែកយុវជនទាំង៥នាក់ទៀត កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ តុង សីហា