ភ្នំពេញ ៖ ស្រ្ដីវ័យចំណាស់អាយុជាង៥០ឆ្នាំម្នាក់ មិនដឹងថាគាត់មានវិបត្តិអ្វីនោះទេបានផឹកស្រាស្រវឹងជោកទោរទន់ រួចបានហៅរថយន្តតាក់ស៊ីម៉ែត្រជិះ។ ពេលជិះចេញបានប្រមាណ១០០ម៉ែត្រ អ្នករត់តាក់ស៊ីងាកសួរ ម៉ូយម្នាក់នេះថាទៅណា? បែរជាស្ត្រីរូបនោះ ដេកស្រម៉ុកធ្វើព្រងើយ ធ្វើឲ្យអ្នករត់តាក់ស៊ីស្រឡាំងកាំងភ័យខ្លាចស្ត្រីរូបនោះត្រូវថ្នាំសណ្តំគេ បានឈប់រថយន្ត ហៅសមត្ថកិច្ចឲ្យមកជួយសួរនាំ។
ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៥៥នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅទល់មុខនិងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត តាមបណ្តោយផ្លូវលេខ២៧១ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមសម្តីអ្នករត់តាក់ស៊ីម៉ែត្រ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើក រថយន្តតាក់ស៊ី ដើម្បីរកដឹកភ្ញៀវនៅតាមផ្លូវ ហើយខណៈមកដល់ចំណុច ច្រកចូលផ្សារ សុវណ្ណា ក៏ស្រាប់តែឃើញ ស្ត្រីខាងលើ បានឈរបក់ដៃហៅរថយន្តគាត់ជិះ។ ពេលនោះរូបគាត់បានឈប់រថយន្តហើយបានបើកទ្វារឲ្យស្ត្រីចំណាស់រូបនោះចូលអង្គុយក្នុងរថយន្ត ហើយក៏បានបើករថយន្តដោយមិនទាន់សួរនាំស្រី្តរូបនេះថាអញ្ជើញទៅណានៅឡើយទេ។ លុះបើកចេញបាន១០០ម៉ែត្រ គាត់ជាអ្នកបើកបរក៏បានសួរនាំទៅស្ត្រីនោះថា អ៊ុំស្រីអញ្ជើញទៅណា? តែពេលនោះ ស្ត្រីរូបនោះ អត់បាននិយាយស្ដីអ្វីទាំងអស់ ហើយអង្គុយរវើរវាយបាត់មាត់បាត់ក ព្រមទាំងយកដៃលេងចង្កឹះលេខ រថយន្តថែមទៀតធ្វើឲ្យគាត់ជាអ្នកបើកបរភ័យខ្លាច មានគ្រោះថ្នាក់នៅតាមផ្លូវ ក៏បានទូរស័ព្ទទៅប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកមើល និងសួរនាំ ស្ត្រីរូបនោះ។ ពេលសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ក៏បាននាំគ្នាសាកសួរស្ត្រីរូបនោះ តែស្ត្រីរូបនោះ នៅតែមិនដឹងខ្លួននៅតែមានកាយវិការរវើរវាយ ព្រមទាំងមានធុំក្លិនស្រារហួងទៀតផង។
លុះបានមួយសន្ទុះក្រោយមកទើប ស្ត្រីរូបនោះរាងដឹងខ្លួនបន្តិចវិញ ក៏បានគាត់បើករថយន្តតាក់ស៊ី ជូន ទៅរកកន្លែងរាំកំសាន្តនៅបារចតុមុខហើយគាត់បម្រុងជូនទៅតាមសំណូមពរ បែរជាស្ត្រីរូបនោះឲ្យជូនទៅកន្លែងបៀរហ្គាឌិននៅម្តុំផ្សារសូឡាវិញ។
អ្នករត់តាក់ស៊ីរូបនេះបានបន្តទៀតថា ដោយយល់ថាស្រី្តចំណាស់រូបនេះច្បាស់ជាមានវិបត្តិផ្លូវចិត្តអ្វីមួយ និងដោយមានការអាណិតដល់រូបគាត់ជាស្រី្តភេទ បើសិនជាទុកគាត់ចោល ក្រែងមានមនុស្សអាក្រក់ធ្វើបាប នោះរូបគាត់ជាអ្នករត់តាក់ស៊ីសុខចិត្តយល់ព្រម ជូនស្ត្រីរូបនោះទៅកន្លែងដែលគាត់ចង់ទៅបន្តទៀត ហើយក៏មិនដឹងថាពេលដល់ទីនោះគាត់យ៉ាងណាទៀតនោះទេ ៕ ប្រាថ្នា