ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលស្វុីសបញ្ជាក់ថានៅបន្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ជា

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋាភិបាលស្វុីសតាមរយៈ តំណាងទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិ បត្ដិការ និងការអភិវឌ្ឍរបស់ប្រទេសស្វុីសប្រចាំនៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ពីការប្ដេជ្ញាចិត្ដរបស់ខ្លួនសាជាថ្មីម្ដងទៀត ចំពោះការគាំទ្រលើមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីបន្ដដំណើរការមន្ទីរពេទ្យក្នុងការផ្ដល់សេវាព្យាបាល និងថែទាំសុខភាពមាតា និង កុមារកម្ពុជាដោយឥតគិតថ្លៃ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតស្វុីសប្រចាំកម្ពុជាចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា រដ្ឋាភិបាលស្វុីស និងមូលនិធិគន្ធបុប្ជាប្ដេជ្ញាចិត្ដ ព្រមទាំង សហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បី ធ្វើការទៅលើចីរភាពហិរញ្ញវត្ថុរយៈពេល វែងរបស់មន្ទីរពេទ្យនេះ ។

រដ្ឋាភិបាលស្វុីសនឹងជួយគាំទ្រមូលនិធិនេះ ហើយមានការសោកស្ដាយយ៉ាងខ្លាំងដោយដឹងថា លោកវេជ្ជបណ្ឌិត ប៊ីត រីចនើរ (Beat Richner) ដែលជាស្ថាបនិកមន្ទីរ ពេទ្យគន្ធបុប្ជាកំពុងមានជំងឺជាទម្ងន់ និង ជំនួសដោយលោកវេជ្ជបណ្ឌិត Peter Studer ដែលជាប្រធានគ្រប់គ្រងបណ្ដោះអាសន្ន ដើម្បីបន្ដដំណើរការមន្ទីរពេទ្យឱ្យទៅមុខ និងរក្សានូវសេវាកម្មថែទាំសុខភាពមាតា និងកុមារដោយឥតគិតកម្រៃនិងមានគុណភាពខ្ពស់ ។

ក្នុងសេចក្ដីប្រកាសដដែលបានបន្ដថា ការគាំទ្រចំពោះមន្ទីរពេទ្យគន្ធបុប្ជាជាផ្នែកដ៏សំខាន់មួយសម្រាប់ការចូលរួមរបស់ ប្រទេសស្វុីសនៅក្នុងប្រទេសកម្ពុជា ហើយ ប្រទេសស្វុីសផ្ដល់ការគាំទ្រដល់ប្រជាជនក្រីក្រ និងប្រជាជនដែលបាត់បង់ឱកាសនិង ផ្ដល់ឱ្យប្រើសេវាសាធារណៈដែលមានគុណ ភាពដូចជាការថែទាំសុខភាព ព្រមទាំង មានការគាំទ្រទៅលើសន្ដិសុខស្បៀង និង ដីធ្លី ការអភិវឌ្ឍជំនាញ និងឱកាសការ ងារផងដែរ ។

ជាមួយគ្នានេះដែរប្រទេសស្វុីសបាន គាំទ្រមន្ទីរពេទ្យគន្ធបុប្ជាចាប់តាំងពីឆ្នាំ១៩៩៤មកម្លេ៉ះដែលថវិកាសរុបចំនួន៥៧លាន ស្វុីសហ្វ្រង់ ហើយក្នុងមួយឆ្នាំមន្ទីរពេទ្យ គន្ធបុប្ជាទទួលបានថវិកា៤លានស្វុីស ហ្វ្រង់។ ចាប់តាំងពីឆ្នាំ២០១៣មកប្រទេសស្វុីសបានបង្កើនទំនាក់ទំនងជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជាដោយសហការយ៉ាងជិតស្និទ្ធជាមួយលោកវេជ្ជបណ្ឌិត ប៊ីត រីចនើរ និងមូលនិធិគន្ធបុប្ជាដើម្បីធ្វើការទៅលើចីរភាពហិរញ្ញវត្ថុរយៈពេលវែងរបស់ មន្ទីរពេទ្យនៅក្នុងប្រទេសកម្ពុជា ៕ ហេង សូរិយា

IMG_2943


ចែករំលែក៖