ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ឈិន ឆាងហ្ស៊ី (Chen Chang Zhi) អនុប្រធានសភាតំណាងប្រជាជនចិនចូលពិភាក្សាការងារ។
លោក Chen Chang Zhi បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតី និងនាយករដ្ឋមន្រ្តីចិនផ្ញើជូន សម្តេចតេជោនាយករដ្ឋមន្រ្តី។ ក្នុងដំណើរទស្សនៈកិច្ចរបស់លោកអនុប្រធានសភាតំណាងប្រជាជនចិននៅកម្ពុជាពេលនេះគឺដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ លោកបានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ទាំងវិស័យសេដ្ឋកិច្ច សន្តិភាព និងស្ថេរភាពនយោបាយនៅក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ លោកបានចាត់ទុក សម្តេចតេជោ ជាឥស្សរៈជនឆ្នើម និងជាមិត្តដ៏ល្អរបស់ចិន។ ទំនាក់ទំនងរវាងចិននិងកម្ពុជា គឺស្ថិតក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រទេសចិនបានចាត់ទុកប្រទេសកម្ពុជា ជាមិត្តពិតប្រាកដ និងជាបងប្អូនដ៏ល្អរបស់ចិន។ ឆ្លៀតក្នុងឱកាសនេះដែរ លោកអនុប្រធានសភា ក៏បានគោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចូលរួម សន្និសីទអន្តរជាតិស្តីពីខ្សែក្រវ៉ាត់មួយផ្លូវមួយ ដែលគ្រោងនឹងធ្វើនៅខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ នៅទីក្រុងប៉េកាំង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីអំពីការគាំទ្រឥតងាករេចំពោះ “ចិនតែមួយ” ហើយយើងត្រូវតែបន្តថែរក្សាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលយើងធ្លាប់មានពីមុនមករហូតមកដល់ពេលនេះ។ ការរីកចម្រើនរបស់កម្ពុជាមកទល់សព្វថ្ងៃនេះ គឺមានការចូលរួមចំណែកយ៉ាងខ្លាំងពីមិត្តចិន។
សម្តេចតេជោ ហ៊ុន សែន មានមោទនៈភាពដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែខិតជិតឈានដល់៥ពាន់លានដុល្លារហើយ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានស្នើអោយមិត្តចិនជួយជម្រុញទេសចរណ៍ចិនមកទស្សនានៅកម្ពុជាអោយបានច្រើនឡើងថែមទៀត។ កាលពីឆ្នាំកន្លងមកគឺមានទេសចរណ៌ចិនប្រមាណ៨០ម៉ឺននាក់ មកទស្សនាកម្ពុជា ហើយយើងរំពឹងថាចំនួននេះនឹងកើនឡើងដល់១ឬ២លាននាក់។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏បានស្នើសុំមិត្តចិនជួយជម្រុញទំហំពាណិជ្ជកម្ម និងពង្រីកការនាំចេញកសិផល និងផលិតផលខ្មែរទៅ កាន់ប្រទេសចិនអោយបានច្រើនថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោកនាយករដ្ឋមន្រ្តី លី គឺឈៀង និងបានថ្លែងអំណរគុណដែលប្រទេសចិនជាមិត្តដែលបានអញ្ជើញសម្តេចទៅចូលរួមវេទិកាអន្តរជាតិ ស្តីពីផ្លូវ១ ខ្សែក្រវ៉ាត់មួយនៅប្រទេសចិន ក្នុងខែ ឧសភា ឆ្នាំ២០១៧ ខាងមុខនេះផងដែរ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ