ខេត្តស្ទឹងត្រែង៖ កាលពីឆ្នាំ២០១៦ កន្លងទៅអាជ្ញាធរថ្នាក់ក្រោមជាតិបាន ស្នើឲ្យភាគីឡាវផ្អាកការសាងសង់ម្តង រួចមកហើយអគាររបស់នគរបាលច្រក ទ្វារអន្តរជាតិ(ឡាវណងណុកខៀន- កម្ពុជាត្រពាំងក្រៀល) និងហាមឃាត់ មិនឲ្យភាគីឡាវ ដឹកគ្រឿងសម្ភារសំណង់តាមច្រកទ្វារអន្តរជាតិ ព្រមទាំងណែនាំមិនឲ្យអាជីវករកម្ពុជាលក់គ្រឿងសំណងផ្គត់ផ្គង់ទៅឲ្យភាគីឡាវ ដើម្បីសាងសង់ថែមទៀត គ្រាដែលតំបន់នោះនៅជាតំបន់មិនទាន់ឯកភាពគ្នានៅឡើយ ។
ប៉ុន្តែកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៧កន្លងទៅកម្លាំងយោធាឡាវបានប្រើប្រាស់គ្រឿងចក្រឈូសឆាយធ្វើផ្លូវវាងច្រកទ្វារអន្តរជាតិត្រពាំងក្រៀល និងដឹកគ្រឿងសំណង់មកសាងសង់អគារព្រំដែន ស្ថិតក្នុងទីតាំងចាស់ដដែលដែលជាទីតាំងត្រូវបានហាមឃាត់កាលពីពេលមុន ព្រោះ ជាតំបន់ពុំទាន់ឯកភាពគ្នា ។
យោងតាមឯកសារកំណត់ហេតុ ការចុះ ត្រួតពិនិត្យបរិវេណតំបន់ព្រំដែនរួមឡាវ-កម្ពុជាគណៈកម្មការកិច្ចសហប្រតិបតិ្តការ រក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយ ព្រំដែនទូទៅកម្ពុជា-ឡាវ នៅស្រុកថាឡា បរិវ៉ាត់ និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងនៅស្រុកខូង ខេត្តចំប៉ាសាក់ សាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវកាលពី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ដោយភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ ឯកសៀក សុជាតិ នាយរងសេនាធិការ ចម្រុះ នាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមព្រំដែន ទូទៅកម្ពុជា-ឡាវ ។
ចំណែកភាគីឡាវដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ស៊ីផាន់ តុតថាក់វង្ស នាយកដ្ឋានយោធាព្រំដែនអគ្គសេនាធិការកងទ័ពប្រជាជនឡាវជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនទូទៅ កម្ពុជា-ឡាវ។ ភាគីទាំងពីរបានបើកកិច្ច ប្រជុំពិភាក្សាអំពីបញ្ហាផ្សេងៗដែលភាគីទាំង ២មានការចាប់អារម្មណ៍អំពីការកំណត់ ចំណុចទំនាក់ទំនងដើម្បីសហការរវាងកងកម្លាំងរបស់ភាគីទាំង២ក្នុងក្របខ័ណ្ឌរបស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សា សន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ និងសភាពការណ៍នានា ដែលកើតឡើងតាមតំបន់ព្រំដែនដោយ អង្គប្រជុំបានឯកភាពប្រគល់ឲ្យក្រុមការងារ ភាគីទាំង២ចុះត្រួតពិនិត្យជាក់ស្តែង ។
យោងតាមឯកសារដដែលលទ្ធផល ក្នុងការសហការចុះត្រួតពិនិត្យភូមិសាស្ត្រព្រំដែនកម្ពុជា-ឡាវ រួមមានខ្លឹមសារ៨ ចំណុចសំខាន់ៗក្នុងចំណោមចំណុចទាំង ៨ត្រង់ចំណុចទី៣ ទើបភាគីឡាវហ៊ានដឹកសម្ភារយកមកសាងសង់ជាថ្មីឡើងវិញម្តងទៀត។ ខ្លឹមសារចំណុចទី៣និយាយថា អំពីការសាងសង់អគាររបស់នគរបាលច្រក ទ្វារអន្តរជាតិរបស់ភាគីឡាវណងណុកខៀន-ត្រពាំងក្រៀលភាគីទាំង២បានចុះ ត្រួតពិនិត្យអគារជាក់ស្តែងឃើញថា អគារ នោះគឺជំនួសផ្ទះចាស់ដែលបានខូចខាត នៅចំណុចនិយាមការE614886 N1538644។ ចំពោះបញ្ហាខាងលើនេះ អាជ្ញាធរនិងកងកម្លាំងការពារព្រំដែនកម្ពុជា បានចុះទៅរារាំងស្នើឲ្យភាគីឡាវផ្អាកការសាងសង់រង់ចាំការដោះស្រាយតែខាងឡាវ នៅតែបន្តធ្វើដោយមិនខ្វល់ពីហាមឃាត់នោះឡើយ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០១៧ អាជ្ញាធរខេត្តបានចាត់ បេសកជនពិសេសទៅជួបពិភាក្សាជាមួយភាគីឡាវនៅលើទឹកដីឡាវតែលទ្ធផលពុំមាន ៕ ហេង សូរិយា