ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ ដែលមានទីលំនៅក្នុងភូមិធ្មុរ សង្កាត់ចេក ក្រុងស្វាយរៀង ជាច្រើនគ្រួសារបានត្អូញត្អែរ និងរិះគន់យ៉ាងខ្លាំងដល់អាជ្ញាធរមូលដ្ឋានមិនគិតគូរសុខទុក្ខរបស់ពួកគាត់ ខណៈផ្លូវលំមួយខ្សែ ដែលជាប់នឹងវិទ្យាល័យហ៊ុនសែន ចេករងការខូចខាត ដោយសារតែតែរថយន្តដឹកដីធុនធំបើកបំផ្លាញផ្លូវស្ទើរទាំងស្រុង។
យោងតាមបុរសម្នាក់ឈ្មោះ ធី អាយុ៣៦ឆ្នាំ ដែលមានទីលំនៅក្បែរនោះបានឲ្យដឹងថា ផ្លូវលំមួយខ្សែនេះ ដែលនៅជាប់របងវិទ្យាល័យហ៊ុនសែន ចេកមានប្រវែងប្រមាណជាង២គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិស្វាយ និងភូមិធ្មរ នេះរងការខូចខាតយ៉ាងខ្លាំង និងពិបាកធ្វើដំណើរ ដោយសារតែមានរថយន្តដឹកដីធុនធំជាច្រើនគ្រឿងបានបើកឆ្លងកាត់ក្នុងល្បឿនលឿនមិនប្រណីដល់អ្នកលក់ដូរ ក៏ដូចជាសិស្សានុសិស្ស ដែលកំពុងរៀនសូត្រមិនបាន ព្រោះហុយ ណាមួយលឺសូរសំឡេងម៉ាស៊ីនរោទ៍ខ្លាំងៗ និងស្រែកជេរគ្រប់ៗគ្នា។
ប្រភពបន្តថា រថយន្តដឹកដីទាំងនេះ គឺបើកចេញពីផ្លូវអូស្មាច់មកកាត់តាមផ្លូវលំ ភូមិរបស់គាត់ ទៅលក់ឲ្យគេជារៀងរាល់ថ្ងៃ មិនដែលខានបណ្ដាលឲ្យផ្លូវខាងលើរងការខូចខាតពិបាកធ្វើដំណើរ ណាមួយប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ធ្វើឲ្យផ្លូវមានសភាពរអិលផងដែរ ។
ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ភូមិធ្មរ និងភូមិស្វាយ សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអភិបាលក្រុងស្វាយរៀង មេត្តាណែនាំ និងឃាត់រថយន្តទាំងនេះយកមកអប់រំផង ព្រោះទម្រាំបានផ្លូវលំមួយខ្សែរាប់ឆ្នាំក្នុងការធ្វើដំណើរត្រូវរងការខូចខាត ដោយក្រុមអ្នកបើករថយន្តទាំងនេះទទួលបានផលប្រយោជន៍ខ្លួនឯង មិនគិតពីផលប៉ះពាល់របស់អ្នកដទៃ និងសិស្សានុសិស្សដែលកំពុងរៀនសូត្រផងដែរ ៕ យឹម សុថាន