មន្ត្រីកូឡុំប៊ីបានថ្លែងថា មនុស្សយ៉ាងតិច២៥៤នាក់បានបាត់បង់ជីវិតស្ថិតនៅភាគនីរតីកូឡុំប៊ី និងច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ។
ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ថា ភ្លៀងធ្លាក់ច្រើនម៉ោងនៅវេលាយប់ធ្វើឲ្យទឹកស្ទឹងទន្លេដងអូរហូរហៀរនាំទាំងភក់ល្បាប់ជន់លិចលំនៅឋានប្រជាពលរដ្ឋស្ថិតនៅក្នុងខេត្ត Putumayo ។
កាកបាទក្រហមរបស់ប្រទេសនេះបានបញ្ជាក់ថា ជនរងគ្រោះប្រមាណ២២០នាក់បាត់ខ្លួនមិនទាន់រកឃើញ និងខណៈដែលជនរងគ្រោះ២០២នាក់ផ្សេងទៀតបានរងរបួស ។
ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos បានធ្វើដំណើរទៅកាន់ទីតាំងរងគ្រោះ ក៏ដូចជាចេញបញ្ជាឲ្យពង្រាយកងទ័ព ដើម្បីឆ្លើយតបចំពោះគ្រោះអាសន្នមួយនេះ ។ ខេត្តទាំងមូលត្រូវប្រកាសស្ថិតនៅក្នុងគ្រាអាសន្ន ។
មន្ទីរពេទ្យក្នុងតំបន់ពោរពេញដោយសាកសពគួរឲ្យសង្វេក បើទោះបីកម្លាំងទាហានប្រមាណ១១០០នាក់ត្រូវដាក់ពង្រាយដើម្បីខិតខំជួយសង្គ្រោះពលរដ្ឋយ៉ាងណាក៏ដោយ ៕ ថាច់ យ៉ាត