ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតាហៅតូតាបានបង្ហាញវត្តមានក្នុងតំណែងជាតួឯកក្នុងសាច់រឿង“សារាយនឹមនួន”ដែលផលិតដោយក្រុមការងារទស្សនាវដ្តីសូវរីន(SOVRIN)។ រឿង“សារាយនឹមនួន”បានចូលរួមចំណែកលើកស្ទួយកម្ពស់វប្បធម៌អរិយធម៌និងថែរក្សាកេរដំណែលទំនៀមទម្លាប់ពីបុរាណកាល ក៏ដូចជាការគាស់កកាយឡើងវិញនូវការរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅតាមភូមិស្រុកនៅក្នុងប្រទេសកម្ពុជាពីបុរាណកាល ។
ការបញ្ជាក់ពីវត្តមាននេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ក្នុងកម្មវិធីសន្និសីទកាសែតមួយ ដែលមានការអញ្ចើញចូលរួមជាកិត្តិយសពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិព្រមទាំងបណ្ដាអ្នកសារព័ត៌មានជាច្រើនរូបផងដែរដែលបានប្រារព្ធធ្វើឡើងនៅឡឺប៊ីសស្រ្តូ (LEBISTROT) ស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានភាសាបារាំង (THE FRENCH INSTITUTE)ដែលរៀបចំឡើងដោយទស្សនាវដ្ដីសូវរីន(SOVRIN) ។ កម្មវិធីនេះក៏ជាការសម្ពោធជាផ្លូវការនូវគម្របមុខដ៏ពិសេសរបស់ទស្សនាវដ្តីសូវរីន (SOVRIN) ក្នុងលេខទី៦៧នេះស្របក្នុងឱកាសនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មីឆ្នាំ២០១៧ត្រូវនឹងឆ្នាំរកានព្វស័កព.ស២៥៦១ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យទ្វាទសមាសរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីសកម្មភាព នៃការរៀបចំចង្ហាន់របស់ប្រជានុរាស្រ្តខ្មែរទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមស្រុកស្រែចម្ការហើយនោះទស្សនីយភាពនៃសិល្បៈតន្រ្តីមហោរីក្រោមប្រធានបទ“សារាយនឹមនួន”ដែលជាបទភ្លេងដើមចំណាស់របស់បុព្វបុរសយើង ក៏បានក្លាយជាផ្ទាំងទស្សនីយភាពកម្សាន្តមួយក្នុងពិធីឆ្លងសង្រ្កាន្តចាស់ ផ្លាស់ចូលសង្រ្កាន្តថ្មី សម្រាប់ទុកគ្រាន់ដាសអង្រួនដួងចិត្តកូនខ្មែរគ្រប់ជំនាន់ឲ្យដក់ជាប់ក្នុងដួងចិត្តហើយអ្វីដែលរឹតតែពិសេសទៀតនោះ គឺការថតបញ្ចូលគ្នារវាងទម្រង់រចនាបថសម្លៀកបំពាក់ខ្មែរពីរសម័យកាលផ្សេងគ្នាក្នុងសាច់រឿងតែមួយអមដោយឈុតឆាកសិល្បៈវប្បធម៌ជាតិយ៉ាងសម្បូរបែបល្អគ្មានពីរប្រទាក់ក្រឡាគ្នាចងជារឿងរ៉ាវប្រវត្តិគូស្នេហ៍មួយគូពីអតីតជាតិរវាងកម្លោះពូជខ្មែរអង្គរសារាយនិងនាងក្រមុំបញ្ចពិធកល្យាណីនឹមនួន។
លោកជ័យរដ្ឋាដែលជានាយកផ្នែកច្នៃប្រឌិតរបស់ទស្សនាវដ្តីសូវរីន (SOVRIN) បានលើកឡើងនូវគោលគំនិតសំខាន់ពីក្រោយការថតគម្របមុខលេខក្នុងពិសេសដែលឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីទំនៀមទម្លាប់របស់ប្រជាជនខ្មែរពីអតីតកាលក្នុងការរួបរួមសាមគ្គីគ្នារៀបចំពិធីបុណ្យចូលឆ្នាំទទួលទេវតាថ្មីនៅតាមភូមិស្រុកទៅតាមលំអានប្រពៃណីបានយ៉ាងខ្ជាប់ខ្ជួនក្រៃលែង។លោកក៏បានសង្កត់ធ្ងន់ទៀតដែរថា“យើងសង្ឃឹមថាវាអាចចូលរួមជាវិភាគទានដ៏តូចមួយក្នុងដំណើរកិច្ចការអភិរក្សទម្រង់សិល្បៈវប្បធម៌ប្រពៃណីរបស់ជាតិយើងហើយប្រជាជនកម្ពុជាទាំងអស់នឹងចាប់ផ្ដើមងាកត្រឡប់មកមើលពីការចូលរួមអភិរក្សទម្រង់សិល្បៈវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ដ៏បុរាណរបស់ខ្មែរដ៏មានតម្លៃនិងធ្វើយ៉ាងណារក្សាទម្រង់ប្រពៃណីមួយនេះបន្តសម្រាប់កូនចៅខេមរាជំនាន់ក្រោយ។”
កញ្ញាម៉ាក់សែនសូនីតាតួឯកស្រីក្នុងសាច់រឿង“សារាយនឹមនួន”ពេញចិត្តខ្លាំងមែនទែនជាមួយការថតជាវីដេអូជាខ្សែសាច់រឿងខ្លីដែលឆ្លងពីសម័យបច្ចុប្បន្នទៅកាន់សម័យកាលបុរាណដែលបានឆ្លុះបញ្ចាំងពីអរិយធម៌ដ៏ថ្កុំថ្កើនរុងរឿងរបស់ខ្មែរ ។ កញ្ញាបានថ្លែងទាំងក្តីសោមស្សរីករាយថា“សម្រាប់ខ្ញុំការថតសម្លៀកបំពាក់បុរាណបែបនេះ ខ្ញុំធ្លាប់បានថតជាខ្សែភាពយន្តច្រើនរឿងមកហើយតែសម្រាប់លើកនេះវាពិតជាផ្ដល់អារម្មណ៍ពិសេសអ្វីម្យ៉ាងដល់ខ្ញុំដែលពិបាកធ្វើការពណ៌នាអារម្មណ៍នេះណាស់ ព្រោះតែការរៀបចំប្លង់ថតនីមួយៗសម្លៀកបំពាក់ការតុបតែងមុខក៏ដូចជាម៉ូដសក់ជាពិសេសគឺទីតាំងផ្ទាល់តែម្ដងដែលមានទីតាំងនៅប្រាសាទគុហនគរខេត្តកំពង់ធំដែលក្រុមការងារបានរៀបចំមកហាក់ដូចទិដ្ឋភាពពិតៗពីអតីតកាលធ្វើឱ្យខ្ញុំស្លុងអារម្មណ៍មែនទែនហាក់បីដូចខ្លួនឯងកំពុងនៅសម័យកាលនោះពិតៗតែម្ដង…”។
គួរបញ្ជាក់ផងដែរថា ទស្សនាវដ្តីសូវរីន(SOVRIN) របស់កម្ពុជាដែលមានឈ្មោះបោះសម្លេងទាំងក្នុងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិនេះជានិច្ចជាកាលតែងតែចូលរួមទ្រទ្រង់ដល់សកម្មភាពអភិរក្សទម្រង់សិល្បៈបុរាណអក្សរសាស្ត្រក៏ដូចជាការចូលរួមផ្សព្វផ្សាយដល់ការថែរក្សាសម្បត្តិធនធានធម្មជាតិនានាផងដែរ៕ វឌ្ឍនា