អតីតអ្នកចាត់ការក្រុម Leicester City, ក្រុមជម្រើសជាតិក្រិក និងធ្លាប់ដឹកនាំក្រុមតោខៀវ Chelsea លោក Claudio Ranieri បានក្លាយជាបេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាពច្រើនរូបទៀតដែលអាចនឹងឡើងដឹកនាំ ក្រុមជម្រើសជាតិថៃ ជំនួសតំណែងលោក Kiatisuk Senamuang ដែលបានលាលែងពីតំណែង។
អតីតកីឡាករជម្រើសជាតិថៃលោក Senamuang បានលាលែងពីតំណែង គ្រូបង្វឹកក្រុមជម្រើសជាតិ កាលថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីក្រុមជម្រើសជាតិថៃ៧ប្រកួតនៅវគ្គជម្រុះជុំទី៣ World Cup 2018 ចាញ់៦ប្រកួត និងចុងក្រោយចាញ់ជប៉ុន ៤-០ ទៀត។
លោក Claudio Ranieri បានដឹកនាំ Leicester ឈ្នះពានអង់គ្លេស Premier League ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ កាលពីរដូវកាលមុនស្ទើរមិនគួរឲ្យជឿ។ បុរសវ័យ៦៥ឆ្នាំរូបនេះក៏ធ្លាប់ដឹកនាំក្រុម Leicester មកលេងមិត្តភាព ទល់នឹងជម្រើសជាតិថៃ កាលឆ្នាំមុនផងដែរ មុនពេលត្រូវក្លិប បណ្តេញចេញពីតំណែង កាលខែកុម្ភៈ ដោយសារដឹកនាំ ក្រុមពុំបានល្អនៅរដូវកាលនេះ។
គួរបញ្ជាក់ថា ក្រៅពីលោក Ranieri សហព័ន្ធបាល់ទាត់ថៃ កំពុងពិចារណាចង់បានអ្នកចាត់ការមួយចំនួនទៀតដូចជាលោក Alejandro Sabella អតីតគ្រូបង្វឹក ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជួយឲ្យអាហ្សង់ទីន ឡើងដល់ផ្តាច់ព្រ័ត្រ World Cup 2014, អតីតគ្រូបង្វឹកជប៉ុន Takeshi Okada, អតីតគ្រូបង្វឹក U-23 ជប៉ុន Makoto Teguramori, អតីតគ្រូបង្វឹកចាម៉ៃកា Winfried Schäfer (ធ្លាប់ដឹកនាំថៃពីមុនដែរ), លោក Totchtawan Sripan អ្នកចាត់ការក្រុម Muangthong United និង Dragan Talajić អតីតអ្នកចាត់ការក្រុម Muangthong ៕ ដេវីត