ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលការិយាល័យចរាចរផ្លូវគោគ នៃស្នងការដ្ឋានខេត្តព្រះសីហនុដឹងថា នៅ វេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវបេតុង ចំណុចផ្លូវចុះវត្តជោត្តិញ្ញាណ ហៅវត្តលើ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បង្កដោយ រថយន្តដឹក M150 មួយគ្រឿងម៉ាក HYUNDAI បើកបរដោយឈ្មោះ ង៉ែត លីម ភេទ ប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកកំពត ខេត្តកំពត។
ប្រភពខាងលើ បានឲ្យដឹងបន្ថែមទៀតថា រថយន្តបង្កបើកបរទិសដៅពីភ្នំពេញ ឆ្ពោះចូលមក ខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុខាងលើ ដែលមានផ្លូវចំណោត បត់ចុះ អ្នកបើកបរយកចង្កូតមិនទាន់ ក៏បានជ្រុលចង្កូតធ្លាក់ទៅក្នុងការដ្ឋានសំណង់អតីតៈមហោស្រពចាស់ ទៅបុកនឹងម៉ូតូមួយគ្រឿងឲ្យរងការខូចខាតជាដំណំ ។
ហេតុការណ៍ខាងលើបណ្តាលឲ្យរងរបួសអ្នកបើកបររថយន្ត ដែលមានឈ្មោះខាងលើរងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ផុក សុវតី ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតជាមួយអ្នកបើកបរ រងរបួសដូចគ្នា ។
ក្រោយកើតហេតុ វត្ថុតាងរថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនៅចំណុចផ្លូវចំណោតចុះខាងលើនេះ បានកើតឡើងជាញឹកញាប់បង្កឲ្យមានរងគ្រោះថ្នាក់ និងបាត់បង់អាយុជីវិតមនុស្សថែមទៀតផង ដោយសារកត្តាផ្លូវមានលក្ខណៈតូចចង្អៀត និងចំណោតខ្ពង់ រាប ៕ ឆ្លាម សមុទ្រ