ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវអ្នកផឹកសុីជាមួយប្រើពូថៅកាប់កណ្តាលក្បាលប្រកាច់ស្លាប់មួយរំពេច រួចជនដៃដល់បានរត់គេចខ្លួនចេញពីភូមិបាត់ស្រមោល។
ករណីឃាតកម្មដោយចេតនានេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទី ព្រលប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅនឹងផ្ទះជនសង្ស័យស្ថិតក្នុងភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្រ្តីនគរបាលស្រុកគងពិសីបានឲ្យដឹងថា ជនរងគ្រោះត្រូវជនដៃដល់សម្លាប់ឈ្មោះ សំ នូច ភេទប្រុស អាយុ៣៦ឆ្នាំ រីឯជនដៃដល់កំពុង់រត់គេចខ្លួនឈ្មោះ ង៉ែត សុវណ្ណ ហៅនិត ទាំង២នាក់មានទីលំនៅភូមិ-ឃុំកើតហេតុ។
អ្នកភូមិបាននិយាយថា មុនពេលកើតហេតុ ជនដៃដល់ និងជនរងគ្រោះអង្គុយផឹកស្រាទល់មុខគ្នា លុះមួយសន្ទុះក្រោយមកក៏ឮឈ្លោះប្រកែកគ្នា ប៉ុន្តែគេពុំដឹងថាផ្តើមចេញពីរឿងអ្វីពិតប្រាកដនោះទេ។ បើតាមការសន្និដ្ឋានទំនងជាជនរងគ្រោះពេលស្រវឹងបាននិយាយបន្ទុះបង្អាប់ជនសង្ស័យ ទើបធ្វើឲ្យជនសង្ស័យខឹងសម្បាគ្រាដែលស្រាចូលពេញពោះផងនោះក៏កាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង។
បើតាមប្រភពនៅកន្លែងកើតហេតុគេបាននិយាយឲ្យដឹងដែរថា មុនពេលជនដៃដល់សម្លាប់ជនរងគ្រោះ គឺមានការប្រកែកគ្នាខ្លាំងៗ និងមានការប្រតាយប្រតប់គ្នាផងដែរហើយជនដៃដល់ឈ្មោះ ង៉ែត សុវណ្ណ ក៏បានទាញពូថៅកាប់ក្បាលជនរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងផ្ទះរបស់ខ្លួនតែម្តង។
ក្រោយពីកើតហេតុជនដៃដល់បានគេចខ្លួនពីកន្លែងកើតហេតុដោយដៃប្រឡាក់ឈាមជាប់ទៅជាមួយខោអាវមួយចង្កេះ។
នៅបន្ទាប់ពីមានករណីនេះកើតឡើង អ្នកភូមិបានឃើញសមត្ថកិច្ចចុះទៅកន្លែងកើតហេតុយ៉ាងច្រូងច្រាងដើម្បីពិនិត្យសាកសពគ្រាដែលជនដៃដល់រត់គេចខ្លួនបាត់ទៅហើយ ហើយសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
អ្នកភូមិរស់នៅទីនោះបាននិយាយថា ជនដៃដល់មិនខុសពីសត្វប៉ុន្មានទេ បើផឹកសុីអង្គុយទល់មុខជាមួយគ្នា ហេតុដូចម្តេចចេះលើកដៃកាប់សម្លាប់គ្នាទៅកើត៕ សេនា ស័ក្តិ