ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់អត្តសញ្ញាណវាយបុរសម្នាក់ជាន់.កពន្លិចទឹកប្លន់យកម៉ូតូមួយគ្រឿងគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តកណ្តាល៖ ជនមិនស្គាល់អត្តសញ្ញាញម្នាក់ បានធ្វើសកម្មភាពវាយបុរសម្នាក់ជាន់.កពន្លិចទឹក ក្បែរចិញ្ចើមផ្លូវជាតិលេខ២១B ស្លាប់យ៉ាងអាណោចអាធ័ម ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមគេចខ្លួនបាត់ស្រមោល ។

សាកសពជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាព្រឹកព្រលឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចថ្លុកទឹកលើដីឡូត៍មួយកន្លែងក្បែរចិញ្ចើមផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រៃពួក ស្រុកគីរីវង្ស ខេត្តតាកែវ ។ ចំណែកឯជនសង្ស័យមិនស្គាល់អត្តសញ្ញាញ ក្រោយពីធ្វើសកម្មភាពវាយជនរងគ្រោះស្លាប់បានយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខតាកែវ 1J-2057 របស់ជនរងគ្រោះគេចខ្លួនបាត់ស្រមោល ។

លោកអធិការបានបន្តថា នៅកន្លែងកើតហេតុសមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាងរួមមាន៖ ស្បែកជើងស៊ក០១គូ ០១ចំហៀង ,មួកសុវត្ថិភាព០២ ,មួកកាតិប០១ ,ទូរសព្ទដៃ០២គ្រឿងម៉ាកណូគាអិនចុចពិល ,កាបូបដៃចំនួន០១ ,កាតគ្រីម៉ូតូ០១សន្លឹក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹកផងដែរ ។

តាមការបំភ្លឺពីឈ្មោះ ញាន សាផាន ភេទស្រី ដែលមានផ្ទះនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១២យប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ រូបគាត់បានឮសម្លេងមនុស្សប្រតាយប្រតបគ្នា និងមានអ្នកស្រែកអូយជួយផងៗ ។ ភ្លាមៗនោះរូបគាត់ក៏បានក្រោកមើលតាមចន្លោះទ្វាផ្ទះ ប្រទះឃើញមនុស្សប្រុស២នាក់កំពុងវាយគ្នានៅក្បែរចិញ្ចើមផ្លូវ(មើលឃើញដោយសារចាំងភ្លើងឡាន) ។

សាក្សីបានបំភ្លឺទៀតថា សម្លេងប្រតាយប្រតបគ្នានោះបានបាត់ទៅវិញក្នុងរយៈពេលប្រមាណ១០នាទី ក៏ឃើញបុរសម្នាក់ដើរសំដៅទៅម៉ូតូបញ្ឆេះជិះចេញបាត់ទៅ ។ នៅយប់នោះគាត់មិនបានចេញទៅមើលនោះទេ លុះព្រឹកឡើងទើបមានប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកស្អាងសហការជាមួយនគរបាលព្រហ្មទណ្ឌខេត្តបន្តស្រាវជ្រាវ ដើម្បីឈានដល់កំណត់មុខសញ្ញាជនសង្ស័យតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលទំនាក់ទំនងប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

de (5) de (4) de (3) de (2) de (1) de


ចែករំលែក៖