ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកឈប់ផ្តល់ប្រាក់ដល់មូលនិធិ អ.ស.ប ស្តីពីកំណើនប្រជាជន

ចែករំលែក៖

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី៤ ខែមេសា បានសម្រេច បញ្ចប់ការផ្តល់ជំនួយដល់ មូលនិធិស្តីពីកំណើនប្រជាជនរបស់អង្គការសហប្រជាជាតិ UNFPA ដែលជាស្ថាប័ន បានសម្រាប់ជំរុញ ពន្យារកំណើតនៅលើប្រទេសជាង១៥០ជុំវិញពិភពលោក។

ជាមួយនឹងការសម្រេចខាងលើនេះ អាមេរិកនឹងដកប្រាក់ជំនួយ ៣២,៥លាន ដុល្លារ សម្រាប់អង្គការនេះនៅក្នុងឆ្នាំ ២០១៧ ។ សារព័ត៌មាន ប៊ីប៊ីស៊ីបានដកស្រង់ព័ត៌មានពីក្រសួងការបរទេសអាមេរិកបញ្ជាក់ថា មូលហេតុដែលអាមេរិកឈប់ ផ្តល់ជំនួយ ដល់UNFPA ដោយសារតែ អាមេរិកមិនចង់ចូលរួមនៅក្នុងសកម្មភាព រំលូតកូននោះឡើយ។

អង្គការ UNFPA បានបង្ហាញពីការសោក ស្តាយយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ អាមេរិក ដែលបានផ្អាកជំនួយដល់អង្គការ នេះ អាចធ្វើឲ្យរាំងស្ទះនូវគម្រោងជាច្រើន ដោយសារខ្វះថវិកា។ រដ្ឋាភិបាលរបស់លោកត្រាំបានសម្រេចផ្អាកផ្តល់ជំនួយ ដល់អង្គការ អន្តរជាតិនានា ដែលជួយដល់ សកម្មភាពរំលូតកូន ឬប្រឹក្សាពីការពន្យារ កំណើត។

ចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់តំណែងមក លោកបានសម្រេចផ្អាកជំនួយជាច្រើនដល់អង្គការសហប្រជាជាតិ ដោយសារតែអង្គការនេះដំណើរការគ្មានប្រសិទ្ធភាព។ការកាត់បន្ថយជំនួយខាងលើ គឺរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ បានលើកគម្រោងកាត់បន្ថយប្រាក់ចំណាយ ជួយដល់អង្គការសហប្រជាជាតិពាក់ កណ្តាល។ ការសម្រេចកាត់បន្ថយនោះ គឺ ក្នុងពេលដែលលោកត្រាំបានសម្រេចកាត់បន្ថយការចំណាយរបស់ក្រសួងការបរទេសអាមេរិករហូតដល់ទៅ៣៧ភាគរយ។

ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីការ បរទេសអាមេរិក កំពុងស្វែងរកវិធីសាស្ត្រ ដកប្រាក់ចេញពីកម្មវិធីរបស់អង្គការសហប្រជាជាតិ។ ក្រុមអ្នកឯកទេសលើកឡើង ថា ការសម្រេចកាត់បន្ថយប្រាក់សម្រាប់ អង្គការសហប្រជាជាតិនោះ អាចនឹងធ្វើឲ្យសកម្មភាពមួយចំនួនរបស់អង្គការកំពូល មួយនេះ ត្រូវផ្អាក។ ប្រាក់ដែលអាមេរិក ជួយដល់អង្គការសហប្រជាជាតិកន្លងមក មាន កងរក្សាសន្តិភាព ចាក់វ៉ាក់សាំងបង្ការ ដល់កុមារ និងតាមដានកម្មវិធីបរមាណូ។

ចំពោះការផ្អាកជំនួយខាងលើ អង្គការ សហប្រជាជាតិ ចាំបាច់ត្រូវតែរកប្រភព ចំណូលផ្សេងទៀតដើម្បីបន្តសកម្មភាព ហើយបើរកមិនបានទេ សកម្មភាពមួយ ចំនួននឹងត្រូវបញ្ចប់។

តាមគម្រោងសេតវិមាននឹងប្រកាសពីមូលនិធិចំណាយរបស់រដ្ឋនៅក្នុងឆ្នាំ២០១៨ នាថ្ងៃទី១៦ ខែមេសា ខាងមុខ នៅពេល នោះ ការកាត់បន្ថយប្រាក់ចំណាយរបស់អាមេរិកទៅលើអង្គការអន្តរជាតិនឹងកាន់តែច្បាស់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យាថា នឹងកាត់បន្ថយការចំណាយ មិនចាំបាច់ នៅក្នុងកម្មវិធីអន្តរជាតិនានា ។

សកម្មភាពខាងលើរបស់ប្រធានាធិបតីត្រាំ គឺផ្ទុយស្រឡះ ពីគោលនយោបាយ របស់ប្រធានាធិបតី អូបាម៉ា ដែលបង្កើនការ ចំណាយ សម្រាប់បង្កើនទំនាក់ទំនងអន្តរជាតិ។ ប្រាក់ជំនួយសម្រាប់ការបរទេសក្រោមការដឹកនាំរបស់លោកត្រាំត្រូវកាត់ បន្ថយ ប៉ុន្តែបែរជាបង្កើនសម្រាប់ការពារ ជាតិចំនួន៥៤ពាន់លានដុល្លារ ។

កន្លងមកលោកដូណាល់ ត្រាំ បាន បង្ហាញក្តីបារម្ភ ទៅលើសកម្មភាពរបស់អង្គការសហប្រជាជាតិ ដែលចំណាយប្រាក់ ច្រើនអត់ប្រយោជន៍ ។ កាលពីចុង ខែធ្នូ ឆ្នាំ២០១៦ លោកត្រាំបានចាត់ទុកអង្គការសហប្រជាជាតិ គឺជា «ក្លិប ដើម្បីមនុស្ស មកពីគ្រប់ទិសទីជួបជុំគ្នាសប្បាយតែ ប៉ុណ្ណោះ»។ លោកត្រាំបានព្រមានថា ចំពោះ អង្គការសហប្រជាជាតិនឹងមានការផ្លាស់ ប្តូរ ក្រោយពេលលោកឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ជាមួយ សកម្មភាពខាងលើ លោកត្រាំ កំពុងតែផ្លាស់ប្តូរអង្គការសហប្រជាជាតិហើយ ៕ ម៉ែវ សាធី

un-logo-150329-2015-03-29


ចែករំលែក៖