ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ជប៉ុនបញ្ជាក់ថាចិនមិនអាចបំពានច្បាប់អន្តរជាតិ ធ្វើអ្វីតាមតែចិត្តឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រកាស ថា ជប៉ុនដែលជាប្រទេសមហាអំណាច មួយនៅក្នុងតំបន់មិនអនុញ្ញាតឲ្យ ចិនធ្វើ ព្យុះធ្វើភ្លៀងតាមតែអំពើរចិត្តនៅក្នុងតំបន់ ដោយបំពាន់ច្បាប់អន្តរជាតិនោះឡើយ។

រដ្ឋមន្ត្រីការពារជាតិជប៉ុនក៏បានប្រកាសផងដែរថា ទីក្រុងតូក្យូនឹងបង្កើនសកម្មភាពយាមល្បាតនៅសមុទ្រចិនភាគខាងត្បូងជាមួយអាមេរិក ក៏ដូចជាចូលរួមធ្វើសមយុទ្ធទ្វេភាគី ពហុភាគី ជាមួយប្រទេសនៅក្នុង តំបន់។ លោកស្រី Tomomi Inada បន្ត ទៀតថា ជប៉ុន និងចេករំលែកនូវក្តីបារម្ភជាមួយអាមេរិកសម្រាប់សកម្មភាពរបស់ចិននៅសមុទ្រចិនភាគខាងត្បូង តាមរយៈការយាមល្បាតនៅដែនសមុទ្រនោះ។

លោកស្រីបញ្ជាក់ថា ប្រសិនបើពិភពលោកបោះបង់ចោលការខិតខំផ្លាស់ប្តូរ ទម្រង់ពិភពលោកហើយអនុញ្ញាតឲ្យ ចិន «កាច់បង្វែរច្បាប់អន្តរជាតិ»ដោយជោគ ជ័យនោះគឺនឹងមានលទ្ធផលអាក្រក់នៅ ទូទាំងពិភពលោក។

លោកស្រី Tomomi Inada បានប្រកាសនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោនថា «ក្នុងស្ថានភាពបច្ចុប្បន្នខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងដល់សកម្មភាពការពារសេរីភាព ចរាចរណ៍នៅដែនសមុទ្រ រួមជាមួយកម្លាំង ទាហានអាមេរិក ដោយជប៉ុនបង្កើនវត្តមាននៅសមុទ្រចិនភាគខាងត្បូង»។

ឆ្លើយតបទៅនឹងការប្រកាសខាងលើ កម្លាំងទាហានអាមេរិកបានបញ្ចាក់ថា អាមេរិកអបអរសាទរដល់ជប៉ុនដែលបានពង្រីកសកម្មភាពដល់សមុទ្រចិនភាគខាងត្បូង ។ អាមេរិកនិងជប៉ុននឹងសហការគ្នា ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅទីនោះ។

កន្លងមកចិនបានគំរាមជប៉ុនថា នឹង ប្រើប្រាស់កម្លាំងយោធាប្រឆាំងទៅនឹង ប្រទេសជប៉ុនប្រសិនបើទីក្រុងប៉េកាំងត្រូវបានបង្ខំឲ្យធ្លាក់ចូលក្នុងផ្លូវទ័លក្នុងវិវាទ សមុទ្រចិនភាគខាងត្បូងនោះ។

សារព័ត៌មានក្យូដូរបស់ជប៉ុន បានដកស្រង់ប្រភពព័ត៌មានពីប្រទេសជប៉ុនឲ្យដឹងថា ចិនបានផ្ញើការព្រមានដល់មន្ត្រីជាន់ ខ្ពស់ជប៉ុនកុំឲ្យជ្រៀតជ្រែកចូលក្នុងបញ្ហាសមុទ្រចិនភាគខាងត្បូង អាចនឹងត្រូវប៉ះ ទង្គិចគ្នាដោយហិង្សា។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុនលោក Cheng Yonghua បានបញ្ជាក់ថា ទីក្រុង តូក្យូ បានឆ្លងផុតបន្ទាត់ក្រហម ពដោយបានទៅចូលរួមសកម្មភាពដឹកនាំដោយអាមេរិកនៅក្នុងដែនសមុទ្រចិនភាគខាងត្បូង។ ទាំងនោះហើយអាចធ្វើឲ្យទំនាក់ទំនងរវាងចិននឹងជប៉ុនកាន់តែមានតានតឹងជាងនេះ ។

លោក Cheng Yonghua បញ្ជាក់ទៀត ថា ទីក្រុងប៉េកាំងនឹងត្រូវប្រើប្រាស់កម្លាំងយោធាប្រសិនបើត្រូវបង្ខំឲ្យដើរចូលផ្លូវ ទ័លនោះ។ ទន្ទឹមនឹងនោះមន្ត្រីការបរទេសចិនក៏បានព្រមានផងដែរថា នឹងមិនមានការយោគយល់ពីអធិបតេយ្យភាព ហើយនឹងប្រើកម្លាំងយោធាដើម្បីការពារ។

រដ្ឋាភិបាលទីក្រុងតូក្យូមិនជាប់ពាក់ព័ន្ធនឹងវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងនោះឡើយ ប៉ុន្តែចិននិងជប៉ុនមានវិវាទ ប្រជុំកោះសេនកាគូនៅសមុទ្រចិនភាគខាងកើតដែលចិនកំពុងតែទាមទារពីជប៉ុនមកវិញ។ កោះសេនកាគូត្រូវបានចិនចាត់ទុកថាជប៉ុនដណ្តើមគ្រប់គ្រងនៅក្នុងសង្គ្រាមលោកលើកទី២រហូតមកទល់ពេលនេះ។

ជប៉ុនជាប្រទេសដែលមានកម្លាំងទាហានជើងទឹកខ្លាំងជាងគេបំផុតក្នុងតំបន់អាសុី កាលពីសម័យសង្គ្រាមលោកលើក ទីពីរ ហើយពេលនេះជប៉ុនក៏នៅតែខ្លាំងដូចដើម។ មិនត្រឹមតែប៉ុណ្ណោះទាហានជើង ទឹកជប៉ុនបានធ្វើសមយុទ្ធជាបន្តបន្ទាប់ទាំងយុទ្ធសាស្ត្រការពារនិងវាយលុកដណ្តើម ទីតាំងដែលបាត់បង់មកវិញ។

កាលពីចុងខែសីហាកន្លងមកទាហាន ជប៉ុន បានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ ទ្រាយធំ ដែលមានយុទ្ធសាស្ត្រវាយប្រហារដណ្តើមបណ្តាកោះមកវិញ ក្រោយសត្រូវ គ្រប់គ្រង ។ ការធ្វើសមយុទ្ធនោះ មានការចូលរួមពីកម្លាំងទាហានជើងទឹកជើងកោក និងជើងអាកាស និងបាញ់គ្រាប់ពិតទៀត ផង ។

សារព័ត៌មាន Kikkeiបានផ្សាយថា ការធ្វើសមយុទ្ធខាងលើមានយុទ្ធសាស្ត្រ ដណ្តើមកោះមកវិញ ក្រោយសត្រូវគ្រប់ គ្រង ។ សកម្មភាពនោះ គឺជាការគំរាមដល់ ប្រទេសចិន ក្រោយពេលមាន ការចូល កៀកប្រជុំកោះសេនកាគូ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ។

កម្លាំងទាហានជប៉ុនប្រមាណ២៧ពាន់នាក់បានចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធខាងលើ និងមានការតាមដានការធ្វើសមយុទ្ធយ៉ាងយកចិត្តទុកដាក់បំផុត ។ យន្តហោះចម្បាំង F-2 របស់ជប៉ុនបានចូល រួមធ្វើសមយុទ្ធ ដោយមានទំនាក់ទំនងនិងបាញ់មីស៊ីលទៅលើនាវារបស់សត្រូវ ។

សកម្មភាពរបស់ជប៉ុន ក្រោយពេលចិនបង្កើនសកម្មភាពនៅតំបន់សមុទ្រជុំវិញ ប្រជុំកោះសេនកាគូ ។ ចិនបានចាត់ទុកថា កោះនោះគឺជាកោះរបស់ខ្លួន ត្រូវបានជប៉ុនគ្រប់គ្រងកាលពីសង្គ្រាមលោកលើកទីពីរ ហើយមិនព្រមសងទៅឲ្យចិនវិញ ។

ដើម្បីអាចដណ្តើមគ្រប់គ្រងទីតាំងទាំងឡាយមកវិញ ក្រុមឧទ្ធម្ភាគចក្រមានតួនាទីយាមល្បាត និងនាំផ្លូវដល់កម្លាំងថ្មើរជើង។ ការធ្វើសមយុទ្ធខាងលើដោយមានការបាញ់គ្រាប់ពិតមានចំនួន៣៦តោន រួមមានអាវុធ ប្រឆាំងរថក្រោះជាដើម។

ចំណែកកម្លាំងថ្មើរជើង មានរថក្រោះ ប្រមាណ៨០គ្រឿង កាំភ្លើងធំ៦០គ្រឿង យន្តហោះចម្បាំង២០គ្រឿង និងទាហាន ថ្មើរជើង ២.៤០០នាក់ ។ ការធ្វើសមយុទ្ធ ខាសងលើ កើតឡើងជាប្រចាំ តាំងពីឆ្នាំ ១៩៦៦មកទល់ពេលនេះ ។

កន្លងមកថ្មី រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោកស្រី Tomomy Inada បានបង្ហាញពីការប្តេជ្ញាការពារជាតិ របស់ខ្លួន ហើយ ជប៉ុនអាចនឹងមានគ្រាប់បែកបរមាណូនៅពេលអនាគត។ លោកស្រីបានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ពេលនេះ ប្រទេសជប៉ុនមិនទាន់ទិញ ឬផលិតអាវុធ បរមាណូនៅឡើយ ប៉ុន្តែនៅពេលអនាគត ស្ថានភាពអាចនឹងផ្លាសប្តូរ »។

ចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំង អាទិភាពរបស់រដ្ឋាភិបាលទីក្រុងតូក្យូនា ពេលនេះនៅក្នុងការសកម្មភាពការពារជាតិនោះគឺ កសាងប្រព័ន្ធការពារជាតិដ៏រឹងមាំ និងមានកម្លាំងគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការវាយប្រហារដោយមីស៊ីលពីប្រទេស ចិន។ ទាំងនោះត្រូវឲ្យជប៉ុនបង្កើនការផលិតមីស៊ីលដើម្បីការពារ ។

រដ្ឋាភិបាលជប៉ុនបានដាក់សំណើមូលនិធិយ៉ាងច្រើនសម្រាប់ការពារជាតិ ក្នុង រយៈពេល៥ឆ្នាំខាងមុខ ។តាមបណ្តាញ ទូរទស្សន៦NHK បានឲ្យដឹងថា មូលនិធិសម្រាប់ការពារជាតិនៅក្នុងឆ្នាំ២០១៧ សម្រាប់តែសកម្មភាពការពារកាំជ្រួចមីស៊ីលពីកូរ៉េខាងជើងនិងចិនតែប៉ុណ្ណោះ។ ថកវិកាសម្រាប់ការពារជាតិនៅឆ្នាំ២០១៦មាន ៥១,៧ពាន់លានដុល្លារ ហើយនឹងបន្តកើនឡើងទៀតនៅឆ្នាំខាងមុខ ៕ ម៉ែវ សាធី
លោកស្រី Tomomi Inada


ចែករំលែក៖