ភ្នំពេញ ៖ លោក Sigea Anthony អនុប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជាបានឲ្យដឹងថា សហព័ន្ធកីឡាបេស្បលកម្ពុជាគ្រោងស្នើសុំទៅក្រសួងអប់រំយុវជន និង កីឡាដាក់បញ្ចូលកីឡាបេស្បលចូលទៅ ក្នុងកម្មវិធីប្រកួតកីឡាជាតិ (National Game) របស់ក្រសួងនាឆ្នាំក្រោយដើម្បីអភិវឌ្ឍសមត្ថភាពកីឡាករប្រភេទនេះឲ្យមានធនធាននិងសមត្ថភាពគ្រប់គ្រាន់ក្នុងការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ ។
គម្រោងស្នើសុំនេះធ្វើឡើងក្នុងកម្មវិធីប្រកួតកីឡាបេស្បលជ្រើសរើសជើងឯក ទូទាំងប្រទេសកាលពីចុងសប្តាហ៍កន្លងទៅនៅទីលានកីឡាបេស្បលបឹងសំរឹទ្ធិ ឃុំ បាល័្លង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកអនុប្រធានសហព័ន្ធដែលបាន បញ្ជាក់ថា អ្វីដែលជាគោលដៅរបស់សហព័ន្ធគឺការអភិវឌ្ឍសមត្ថភាពកីឡាករឲ្យមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ចូលរួមការប្រកួតនានាទាំងក្នុងប្រទេសនិងក្រៅប្រទេសសំដៅធ្វើយ៉ាងណាបណ្តុះបណ្តាលធនធានកីឡាករមានគ្រប់គ្រាន់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។ ក្នុងនោះសហព័ន្ធកីឡាបេស្បលកម្ពុជានឹងស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡាដើម្បីដាក់បញ្ចូលកីឡា មួយនេះទៅក្នុងកម្មវិធីប្រកួតកីឡាជាតិនៅឆ្នាំ២០១៨ដើម្បីបំប៉នសមត្ថភាពកីឡាករ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជន និង កីឡាបានមានប្រសាសន៍ថា សម្រាប់ការស្នើសុំរបស់សហព័ន្ធកីឡាជាតិនីមួយៗទៅក្នុងកម្មវិធីប្រកួតកីឡាជាតិ (National Game) ក្រសួងអប់រំយុវជននិងកីឡាត្រូវ ពិនិត្យមើលលក្ខខណ្ឌមុនសិនមុននឹងអនុញ្ញាតឲ្យចូលរួមនៅក្នុងកម្មវិធីប្រកួតកីឡាជាតិ ដោយលក្ខខណ្ឌ ោះ សហព័ន្ធត្រូវមានក្លិបចាប់ពី៥ទៅនៅតាមបណ្តារាជធានី-ខេត្ត និងមានធនធានមនុស្សគ្រប់គ្រាន់ ក្នុងការរៀបចំទើបក្រសួងអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធីប្រកួតកីឡាជាតិនៅឆ្នាំ២០១៨ ។
លោក អ៊ុក សិទ្ធិជាតិ បានបន្ថែមថា ពាក់ព័ន្ធជាមួយនឹងការស្នើសុំរបស់សហព័ន្ធបេស្បល កម្ពុជាក៏ដូចជាសហព័ន្ធកីឡាផ្សេងៗ ទៀត ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកំណែទម្រង់ផ្តោតលើបញ្ហាចំនួន៣ធំៗ គឺទី១-ថែទាំជួលជួលហេដ្ឋារចនាសម្ព័ន្ធកីឡាដើម្បីបម្រើ ដល់ការប្រកួត, ទី២ ការ បណ្តុះបណ្តាលធនធានមនុស្ស និងទី៣-កែទម្រង់ការប្រកួតមានន័យថា ធ្វើប្រតិភូកម្មមុខងារទៅឲ្យសហព័ន្ធកីឡាជាតិរៀបចំខ្លួនឯងដើម្បីពង្រឹងសមត្ថភាពលើការប្រកួតក្របខ័ណ្ឌថ្នាក់ជាតិ។
គួរបញ្ជាក់ថា ការប្រកួតកីឡាបេស្បលជ្រើសរើសជើងឯកថ្នាក់ជាតិទូទាំងប្រទេសនេះ សហព័ន្ធនឹងជ្រើសយកធនធានកីឡាករដែលមានសមត្ថភាពពីគ្រប់ក្រុមទាំង អស់ចំនួន២០នាក់យកទៅហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតនានា ទាំងក្នុងស្រុក និង អន្តរជាតិ ពិសេសបណ្តុះបណ្តាលសមត្ថភាពកីឡាករត្រៀមចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕ សារីម