ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរប្រកាសតាមចាប់ស្រ្តីម្នាក់ដែល ប្រមាថរូបមេដឹកនាំកំពូល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្លាំង នគរបាលខេត្តកំពង់ស្ពឺកំពុងតាមចាប់ស្ត្រីម្នាក់ដែលសង្ស័យជាសកម្មជនបក្សប្រឆាំង ដែលបានប្រមាថរូបមេដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ។

លោកឧត្តមសេនីយ៍ត្រី សម សាមួន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើបានឃើញស្ត្រីដែលប្រមាថរូបថ្នាក់ដឹកនាំខាងលើនោះសូមជួយឃាត់ខ្លួនឬរាយការណ៍ មកកាន់សមត្ថកិច្ចភ្លាមៗដើម្បីសមត្ថកិច្ចនាំខ្លួនស្ត្រីនោះមកចាត់ការតាមច្បាប់។

លោកស្នងការខេត្តបន្តថា បន្ទាប់ពីតុលាការបង្គាប់ឲ្យស្ត្រីជាសកម្មជនបក្ស ប្រឆាំងចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺស្ត្រីរូបនោះបាន គេចខ្លួនរហូតដោយមិនបានចូលមកខេត្តកំពង់ស្ពឺវិញទេ ។

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺលោក កែវ សុធា បានចេញ ដីកាកោះហៅស្ត្រីឈ្មោះ សំ សុខា អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិត្រស់សាលា សង្កាត់ ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅចំពោះមុខមន្រ្តីនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺឲ្យបានមុនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះពាក់ព័ន្ធនឹងបទ ប្រមាថ និងញុះញង់ឲ្យមានការរើសអើង។

គួររំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះស្រ្តីខាងលើបានយកស្បែកជើងរបស់ខ្លួនគប់លើរូបប្រមុខគណបក្សប្រជាជន កម្ពុជាគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ហើយបង្ហោះសកម្មភាពប្រមាថ នេះត្រូវគេចែកចាយនៅលើបណ្តាញសង្គម ហ្វេសប៊ុកយ៉ាងព្រោងព្រាតនិងនាំគ្នារិះគន់ចំពោះសកម្មភាពអសីលធម៌បែបនេះ។

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានិង ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាបាន ចាត់ទុកថា នេះជាការប្រមាថដ៏ធ្ងន់ធ្ងរដែល មិនអាចទទួលយកបាន ហើយអំពាវនាវឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់៕ ហេង សូរិយា

លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ


ចែករំលែក៖