ខេត្តក្រចេះ ៖ ព្រះចៅអធិការវត្តមួយ អង្គបានទទួលអនិច្ចធម្មភ្លាមៗនៅក្បែរកុដិដោយត្រូវជនមិនស្គាល់មុខបាញ់ធ្វើគុត បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិរស់នៅតំបន់ ដាច់ស្រយាលកាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ នៅក្នុងវត្តមច្ឆិណា រាម ស្ថិតក្នុងភូមិរលៀក ឃុំកំពង់ដំរី ស្រុក ឆ្លូង ខេត្តក្រចេះ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីបាញ់ធ្វើគុតព្រះសង្ឃនេះបង្កឡើងពីក្រុមជនល្មើសមិនស្គាល់មុខមួយក្រុមមានគ្នា៤នាក់ប្រដាប់ដោយកាំភ្លើង អាការបណ្តាលឲ្យព្រះចៅអធិការវត្តព្រះនាម សុង ស៊ីថា ហៅចាប ព្រះជន្ម៤៨ព្រះ វស្សាទទួលអនិច្ចធម្មភ្លាមៗនៅក្បែរកុដិដោយក្រុមជនល្មើសបាញ់ត្រូវចំព្រះកេស។
ប្រភពបានឲ្យដឹងទៀតថា នៅយប់ថ្ងៃ កើតហេតុវេលាម៉ោង៩មានមនុស្សមួយក្រុម មានគ្នា៤ទៅ៥នាក់បានជិះរថយន្តទួរីស១គ្រឿងមកចតនៅឆ្ងាយពីវត្តប្រហែល១ គីឡូម៉ែត្រហើយជនប្រដាប់អាវុធមួយក្រុមនោះបានដើរសំដៅចូលក្នុងវត្ត ក្រោយមកទើបមានសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់រួចហើយជនល្មើសនាំគ្នាេគខ្លួនបាត់អស់ទៅ។
មូលហេតុដែលនាំឲ្យមានអំពើបាញ់ធ្វើគត់ព្រះចៅអធិការវត្តបណ្តាលឲ្យសុគតនេះគេមិនទាន់ដឹងថាផ្តើមចេញពីរឿងអ្វីឲ្យប្រាកដនោះទេ ។
បើតាមការលើកឡើងពីអ្នកភូមិបានឲ្យដឹងថា ក្រៅពីបាញ់ធ្វើគុតព្រះសង្ឃក្រុមជនសង្ស័យក៏បានប្រមូលយករូបបដិមាដែល អ្នកភូមិថាជារបស់មានតម្លៃដូចជា ព្រះសំរឹទ្ធិ មុខ៨ទិស១ព្រះអង្គ និងព្រះអង្គតូចៗដែល ធ្វើពីលោហៈ ស្ពាន់ ខ្លឹមអម្ពិលចំនួន៧ព្រះ អង្គនិងសម្ភាររបស់មានតម្លៃផ្សេងៗទៀតដែលរក្សានៅលើកុដិរបស់ព្រះចៅអធិការ។
លោកវរសេនីយ៍ឯក កង វណ្ណី អនុប្រធានការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ថា កម្លាំងនគរបាលកំពុងស៊ើបអង្កេតយ៉ាងហ្មត់ចត់លើករណីនេះនិងកំពុងតែមានពន្លឺខ្លះហើយ ៕ សហការី