ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបេះត្រកួនប្រទះឃើញសពទារិកាម្នាក់ដែលគេយកទៅបោះចោលក្នុងទឹក

ចែករំលែក៖

ភ្នំពេញ៖ អ្នកភូមិចាក់ជ្រូកមានការភ្ញាក់ផ្អើល បន្ទាប់ពីទៅបេះត្រកួននៅក្នុងដីឡូត៌មួយកន្លែង ដែលជាវាលទំនាបមានទឹកដក់ ហើយស្រាប់តែប្រទះឃើញសពទារិកាម្នាក់ អណ្ដែតទឹកកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅក្នុងរបងដីឡូត៍មួយកន្លែង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទារិកានោះទើបនិងកើតមកថ្មី ហើយទំនងជាកើតមកភ្លាមក៏ស្លាប់ទៅវិញ ហើយសង្ស័យត្រូវម្ដាយ ឬសាច់ញាតិរបស់ស្រ្តីជាម្ដាយនោះបោះចោល នាវេលាយប់ ទើបពុំមានអ្នកណាបាន ឃើញ រហូតព្រឹកឡើង ទើបត្រូវបានប្រទះឃើញ និងមានការភ្ញាក់ផ្អើល។

ទារិកានោះ មានអវៈយវៈគ្រប់គ្រាន់ ជាមនុស្សពេញលក្ខណៈ ប៉ុន្តែគេមិនដឹងថា ហេតុអ្វីទើបបានជាកើតមកហើយស្លាប់ទៅវិញបែបនេះឡើយ ។ ទោះជាបែបណាឪពុកម្ដាយមិនគួរធ្វើបែបនេះទេ គួរតែរកទីកន្លែង បញ្ចុះ ឬក៏បូជាឲ្យបានត្រឹមត្រូវ ផ្ទុយទៅវិញបែរជាយកទៅបោះចោលដូចជាសត្វធាតុបែបនេះទៅវិញ ពិតជាមនុស្សគ្មានព្រហ្មវិហារធម៌ក្នុងខ្លួនមែន ។

ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានដើរបេះត្រកួន នៅក្នុងដីឡូត៍ខាងលើ លុះពេលចូលទៅដល់ស្រាប់តែ ប្រទះឃើញមានសពទារកអណ្ដែតទឹក ទើបស្រែកប្រាប់តៗគ្នាឲ្យទៅមើល និងបានរាយការណ៍ប្រាប់អាជ្ញាធរ ភូមិ និងនគរបាលឲ្យចុះទៅពិនិត្យមើលបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។ ក្រោយពេលនគរបាលពិនិត្យរួច សាកសពទារិកា នោះត្រូវបានយកទៅបូជានៅក្នុងឈាបនដ្ឋានវត្តត្រពាំងឈូក ដែលស្ថិតនៅជិតនោះ ៕ សុខាសែនជ័យ


ចែករំលែក៖