ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកព្រមានវាយប្រហារកូរ៉េខាងជើងប្រសិនបើនៅតែបន្តធ្វើសកម្មភាពឌឺដងទៀត

ចែករំលែក៖

ក្រោយការវាយប្រហារស៊ីរីដោយ មីស៊ីល Tomahowk ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ បន្តគំរាម កំហែង ដល់កូរ៉េខាងជើងថានឹងវាយ ប្រហារ ប្រសិនបើប្រទេសនេះនៅតែមានសកម្មភាពឌឺដង ក្នុងនោះមាន ការសាក ល្បងកាំជ្រួចមីស៊ីលនិងបរមាណូ។ ការ គំរាមរបស់លោកត្រាំ អាចក្លាយជាការពិត ក្រោយពេលដែលលោកបញ្ជូន កងពល នាវាចម្បាំង ដ៏ទំនើបរបស់ខ្លួនទៅកាន់ ឧបទ្វីបកូរ៉េ។

តាមសារព័ត៌មាន The New York Times បានផ្សាយថា កម្លាំងទាហាន អាមេរិក ប្រចាំនៅប៉ាស៊ីហ្វិក ទទួលបាន បទបញ្ជាឲ្យធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េ ក្នុងនោះមាន នាវាផ្ទុកយន្តហោះ និងយន្ត ហោះចម្បាំងជាច្រើនគ្រឿង។ ហេតុ ការណ៍ខាងលើកើតឡើងក្រោយ ពេល ដែលកូរ៉េខាងជើង បានបនសកម្មភាព មីស៊ីលនិងបរមាណូរបស់ខ្លួន ក្នុងនោះ មាន ការសាកល្បងមីស៊ីល ស្វាគមន៍ជំនួប រវាងអាមេរិក នឹង ចិន នៅរដ្ឋផ្លរីដា។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក McMasster បានបញ្ជាក់ថា ការបញ្ជូន កម្លាំងទាហានមក កាន់ឧបទ្វីបកូរ៉េនាពេលនេះគឺដើម្បី រារាំងសកម្មភាពរបស់កូរ៉េខាង ជើង ដែលជាប្រទេស មានគ្រាប់បែកបរមាណូគំរាមកំហែងដល់ប្រទេសជិតខាង ក្នុងនោះមានសម្ពន្ធមិត្តរបស់អាមេរិក។ អាច និយាយបានថាពេលនេះ ទាហានអាមេរិកបានត្រៀមលក្ខណៈរួចរាល់ រងចាំបញ្ជាពី ប្រធានាធិបតី ដូណាល់ ត្រាំតែប៉ុណ្ណោះ ទីតាំងអាវុធរបស់កូរ៉េខាងជើង ទាំងប៉ុន្មាននឹងត្រូវខ្ទេចមួយរំពេច។

ក្រុមអ្នកវិភាគលើកឡើងថា ប្រសិនបើ កូរ៉េខាងជើង មានសកម្មភាពសាកល្បង មីស៊ីល ឬបរមាណូ នាពេលនេះ អាមេរិក នឹងវាយប្រហារជាមិនខានធ្វើឲ្យកូរ៉េខាងជើង មិនអាចតដៃរួចឡើយ។ ប្រធានា ធិបតីត្រាំ មិនមានការអត់ធ្មត់ដូច ប្រធានា ធិបតីអាមេរិកមុនៗឡើយ ការចចរារបស់ លោកត្រាំ មិនមានឡើយប្រសិនបើប្រទេសនោះមិនគោរពច្បាប់អន្តរជាតិគឺអាមេរិកមានសិទ្ធិ បង្ខំឲ្យប្រទេសនោះត្រូវតែគោរព។

ជាក់ស្តែងដូចការវាយប្រហារស៊ីរីជាដើម កាលពីអាមេរិក ក្រោមការដឹកនាំ របស់អតីតប្រធានាធិបតីអូបាម៉ា ក៏មាន ការវាយប្រហារដោយអាវុធគីមី នៅស៊ីរី សម្លាប់ពលរដ្ឋស្លូតត្រង់រាប់រយនាក់ ។ ពេលនោះអាមេរិក មិនបានវាយប្រហារ តបតនោះឡើយ ដោយបានត្រឹមតែសុើប អង្កេត ថ្កោលទោសប៉ុណ្ណោះ។ ចំណែក អាមេរិក ក្រោមការដឹកនាំរបស់ លោកត្រាំ មកពីគណបក្សសាធារណរដ្ឋ ដែលមនុស្ស គ្រប់រូប បានដឹងថា (ជាគណបក្សធ្វើ សង្គ្រាម )ឲ្យតែឈ្នះឆ្នោត នឹងមានការធ្វើសង្គ្រាមវាយប្រហារនៅប្រទេសណាមួយជាមិនខាន។

នៅក្នុងជំនួប រវាងប្រធានាធិបតីចិន នឹងអាមេរិក នៅផ្លរីដា ប្រធានាធិបតីត្រាំ បានបញ្ជាក់ថា កម្មវិធីបរមាណូរបស់ កូរ៉េខាងជើង កំពុងក្លាយទៅជាការគំរាម កំហែង យ៉ាងពិតប្រាកដ ។ ក្រោយពិភាក្សា ជាមួយចិន លោកត្រាំក៏បានពិភាក្សាជា មួយនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្ស៊ូអាបេ ស្តីពីការគំរាមកំហែងពីកូរ៉េខាងជើងផងដែរ។

បើទោះបីមានការគំរាមពីអាមេរិកក្តី ក៏កូរ៉េខាងជើង អាចនឹងបន្តបាញ់មីស៊ីល នៅថ្ងៃទី ១៥ខែមេសា ក្នុងពេលដែលប្រទេសនេះធ្វើពិធីអបអរគម្រប់ខួបទី១០៥ថ្ងៃ កំណើតរបស់ អ្នកបង្កើតកូរ៉េខាងជើង គីម អុីលស៊ុង ដែលជាជីតា របស់មេដឹកនាំកូរ៉េ​ខាងជើង គីម ជុងអ៊ុន។ ជាច្រើនឆ្នាំកន្លង មក នៅពេលបុណ្យធំៗ កូរ៉េខាងជើងតែង តែសាកល្បងមីស៊ីល ឬបរមាណូ ដែលជា ការបង្ហាញពីការប្តេជ្ញា របស់ប្រទេសនេះ ក្នុងការផលិត អាវុធ ។

ការបញ្ជូនកម្លាំងទៅកាន់ឧបទ្វីបកូរ៉េ ដូចជា មានការយល់ព្រមពីប្រទេសចិន ដោយពេលនេះចិនមិនទាន់មានប្រតិកម្មអ្វីជុំវិញ ហេតុការណ៍ខាងលើនៅឡើយ គឺផ្ទុយពីពេលមុនៗ ឲ្យតែអាមេរិកមាន សកម្មភាព ចិន ប្រតិកម្មភ្លាមៗ។ មិនត្រឹម តែប៉ុណ្ណោះ ក្រោយពេលប្រធានាធិបតីចិន មកពីអាមេរិក ភ្លាមក៏បានបញ្ជូន ឧបការីទៅកាន់កូរ៉េខាងត្បូងពិភាក្សាអំពីកម្មវិធី បរមាណូរបស់កូរ៉េខាងជើង។

មន្រ្តីការទូតជាន់ខ្ពស់ចិនមួយរូបលោកវូ ដាវ៉េបានទៅកាន់ទឹកដីកូរ៉េខាងត្បូងដើម្បីនិយាយពីការគំរាមកំហែង នុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ វត្តមានមន្រ្តីការទូត ចិននៅក្នុងទីក្រុងសេអ៊ូលពេលនេះបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូនកងនាវាចម្បាំងទៅកាន់ឧបទ្វីប កូរ៉េ។ ទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តីការបរទេស អាមេរិក Rex Tillerson បានច្រានចោល ពាក្យចចាមអារ៉ាមដែលថា អាមេរិកមាន បំណងសម្លាប់ប្រមុខដឹកនាំកូរ៉េខាងជើងលោកគីម ជុនអ៊ុន ឬមួយក៏ចង់ផ្លាស់ប្តូរ របបដឹកនាំនៅព្យុងយ៉ាង។

មានសំណុំរឿងសំខាន់ចំនួនពីរដែលមន្រ្តីការទូតជាន់ខ្ពស់ចិនលោកវូ ដាវ៉េលើកទៅនិយាយជាមួយសមភាគីកូរ៉េខាងត្បូង ទី១-កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និង ទី២-វត្តមានប្រព័ន្ធខែលមីស៊ីលប្រឆាំងមីស៊ីលរបស់អាមេរិកក្នុងទឹកដី កូរ៉េខាង ត្បូង។ វត្តមានលោកវូ ដាវ៉េក្នុងទីក្រុងសេ អ៊ូលពេលនេះបានកើតមានឡើង បន្ទាប់ពី លោក McMaster ទីប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំប្រកាសឲ្យដឹងនាថ្ងៃអាទិត្យ ទី៩ មេសាថាលោកត្រាំបានស្នើក្រុមទីប្រឹក្សារបស់លោកឲ្យរៀបចំវិធានការ គ្រប់បែបយ៉ាង ដើម្បីប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់ កូរ៉េខាងជើង។

ទាក់ទងនឹងការដែលអាមេរិកបានបញ្ជូនកងនាវាចម្បាំងទៅកាន់ឧបទ្វីប កូរ៉េត្រូវ បានលោក McMaster ពន្យល់ថា ជាវិធានការបង្ការប្រឈមនឹងកូរ៉េខាងជើងដែល បំពាក់ដោយសមត្ថភាព នុយក្លេអ៊ែរ។ ដោយឡែក លោករដ្ឋមន្រ្តីការបរទេស អាមេរិក Rex Tillerson បានច្រានចោល ព័ត៌មានដែលថា អាមេរិកមានបំណងធ្វើឃាតប្រមុខដឹកនាំកូរ៉េខាងជើងលោកគីម ជុនអ៊ុន ឬមួយក៏មានបំណងផ្លាស់ប្តូររបប ដឹកនាំនៅព្យុងយ៉ាង។ ក្រុមអ្នកសង្កេត ការណ៍បានសង្ស័យថា កូរ៉េខាងជើងកំពុងត្រៀមសាកល្បងនុយក្លេអ៊ែរលើកទី៦ ដើម្បីសាទរខួបទី ១០៥ឆ្នាំនៃកំណើតលោក គីម អ៊ីលស៊ុង ស្ថាបនិករបបកុម្មុយនីស្ត៕ ម៉ែវ សាធី


ចែករំលែក៖