ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពនៅគំនរខោអាវក្នុងយានដ្ឋានរថយន្តបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សាកសពបុរសវ័យប្រមាណ៤២ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញនៅគំនរខោអាវក្នុងយានដ្ឋានរថយន្តមួយកន្លែងសង្ស័យបណ្ដាលមកពីជំងឺខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់សំណាក់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចការរាសរថយន្ត ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ចាន់ នី ភេទប្រុស អាយុ ៤២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅជាមួយប្អូនជាជាងរថយន្ត ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ មានអាស័យដ្ឋាននៅភូមិព្រែកក្រូច ឃុំព្រែកនរិន ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រីបន្តថា តាមការបញ្ជាក់ពីបងប្អូនសាច់ញាតិជនរងគ្រោះនៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះគាត់មានជំងឺប្រចាំកាយ(ពាចទឹក)រាំរ៉ៃយូរឆ្នាំហើយ ទើបបងប្អូនពិគ្រោះយោបល់គ្នា និងសម្រេចយកគាត់មកស្នាក់នៅជាមួយ ដើម្បីកាត់បន្ថយការផឹកស៊ីក្រែងរស់បានយូរ តែជាអកុសល ក៏បានស្លាប់បែបនេះ។

លោកមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបន្តទៀតថា ក្រោយហេតុការណ៍បានភ្ញាក់ផ្អើលឡើង កម្លាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធបានសហការគ្នា ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើស្រាវជ្រាវ និងពិនិត្យយ៉ាងផ្ចិតផ្ចង់យកចិត្តទុកដាក់ខ្ពស់ លទ្ធផល៖ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងតាមនីតិវិធីប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖