ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរណ៍ចូលមកលេងកំសាន្តបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងខេត្តប៉ៃលិនហាក់បីដូចជាមានការថយចុះប្រៀបធៀបឆ្នាំមុន

ចែករំលែក៖

ខេត្តប៉ៃលិន៖ បើតាមសម្ដី លោកស្រី ស៊ីឌី ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានឲ្យដឹងថា ភ្ញៀវទេសចរណ៍ចូលលេងនៅខេត្តប៉ៃលិននៅឆ្នាំនេះ មានការថយចុះជាងឆ្នាំមុន គឺរមណីយដ្ឋានដែលសំបូរភ្ញៀវទេសចរណ៍មានរមណីដ្ឋានមានច្រើនជាងគេ គឺរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ និងរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាតវត្តរតនសោភ័ណចំណែករមណីយដ្ឋានចំការខ្នុរជាប់នឹងស្ទឹងបយ៉ាខាទន្ទឹមនិងការសប្បាយរីករាយរបស់ភ្ញៀវទេសចរណ៍ក៏មានការអាក់អន់ស្រពន់ចិត្តដែរដូចជាការយកលុយចូលលេងតាមរមណីយដ្ឋាននានាមានតម្លៃថ្លៃហើយអ្វីដែលធ្វើឱ្យពួកគេកាន់តែខកចិត្តយ៉ាងខ្លាំងនោះដោយសារក្រឡេកមើលទៅក្នុងស្ទឹង បែរជាឃើញទឹកល្អក់កករ មិនអាចឱ្យនាំគ្នាហែលលេងបានដូចឆ្នាំមុនៗ នោះឡើយ ខណៈអ្នកខ្លះសង្ស័យថា មានការជីកដីរុករករ៉ែត្បូង រ៉ែមាសនៅលើភ្នំ ឬដោយសារអាជ្ញាធរកំពុងឈូសឆាយធ្វើផ្លូវក្រវ៉ាត់ព្រំដែន ។

រីឯរមណីដ្ឋានមួយចំនួនដែលមិនយ៉ាងនិងការប៉ះពាល់បង្ហាទឹកល្អក់កករនោះ មានភ្ញៀវទេសចរទៅលេងកំសាន្តជាបន្តៗ ដូចជារមណីដ្ឋានរហាត់ទឹកស្ទឹងសួរអំពៅខាងលិចនិងរមណីដ្ឋានផ្សេងៗដែលមិនប៉ះពាល់រឿងករណីទឹកល្អក់កករមានមួយចំនួន។

បើតាមការរៀបរាប់ពីភ្ញៀវទេសចរមកពីខេត្តបាត់ដំបងជាច្រើន បានឱ្យដឹងថា ពួកគា ត់ធ្លាប់មកលេងខេត្តប៉ៃលិននារដូវបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរ ចំនួន២ទៅ៣ដងមកហើយ បន្ទាប់ពីល្បីតៗ គ្នាថា នៅក្នុងខេត្តនេះ មានរមណីយដ្ឋានចំការខ្នុរមួយស្រស់ស្អាត ថែមទាំ ងមានទឹកស្ទឹងបយ៉ាខា ថ្លាយង់ នៅក្បែរ អាចឱ្យហែលលេងកំសាន្តសប្បាយផង ។ ប្រភពបន្តទៀតថា ប៉ុន្តែនៅពេលនេះ ពួកគាត់ពិតជាខកចិត្តយ៉ាងខ្លាំង ខណៈឃើញទឹកស្ទឹងមួយនេះល្អក់កករគួរឱ្យកត់សម្គាល់ មិនអាចឱ្យចុះងូតលេងកំសាន្តបាននោះឡើយ ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏មានក្មេងតូចៗមួយចំនួន ដែលមិនចេះខ្ពើមទឹក នាំគ្នាហែលលេងយ៉ាងសប្បាយ ដោយឡែកមនុស្សចាស់ៗ អត់សូវមានអ្នកចុះងូតនោះទេ ក្រែងរមាស ។

ចំណែកអ្នកខ្លះទៀត បានលើកឡើងថា ទោះបីជាទឹកស្ទឹងបយ៉ាខាពោរពេញទៅដោយកំទេចដីក្រហមក៏ដោយ ពួកគាត់មានខ្ចុះនៅក្នុងរមណីយដ្ឋាន អាចនាំគ្នាអង្គុយលេងហូបអាហារយ៉ាងឆ្ងាញ់ ដោយទិញម្ហូបពីម្ចាស់រមណីយដ្ឋានមួយចំនួនតែម្តង ។

ចំណែកម្ចាស់រមណីយដ្ឋាន បានឱ្យដឹងថា ពួកគាត់ក៏មានការសោកស្តាយខ្លាំងណា ស់ដែរ ខណៈឃើញទឹកស្ទឹងបយ៉ាខា ប្រែទៅល្អក់កករតាំងពីថ្ងៃទី៣១ ខែមីនា រហូតមកដល់ថ្ងៃទី១៥ ខែមេសា ទៅហើយ នៅតែមិនទាន់ថ្លាដូចដើមវិញ នាំឱ្យភ្ញៀវទេសចររអ៊ូរទាំយ៉ាងខ្លាំង ដោយអត់បានចុះលេងទឹក ។

ប្រភពបន្តទៀតថា ភ្ញៀវទេសចរ នៅក្នុងខេត្តប៉ៃលិន អត់សូវមានដើរលេងកំសាន្តតាមរមណីយដ្ឋានច្រើននោះទេ ខណៈឆ្នាំនេះកសិផលមានការធ្លាក់ថ្លៃ ជំពាក់បំណុលគេច្រើន ដោយមានតែភ្ញៀវទេសចរមកពីខេត្តឆ្ងាយៗប៉ុណ្ណោះ ។

ចំណែកប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិនបានឱ្យដឹងថាបញ្ហាទឹកស្ទឹងបយ៉ាខាល្អក់កករនេះមិនមែនមកតែពីខាងអាជ្ញាធរធ្វើផ្លូវក្រវ៉ាត់ព្រំដែនមួយមុខនោះឡើយ គឺមានក្រុមហ៊ុនធំមួយកំពុងធ្វើសកម្មភាពជីកកកាយដីរែងរករ៉ែមាសនៅខាងលើភ្នំផងដែរ ដោយគេបូមបង្ហូរចូលតាមប្រឡាយ លុះភ្លៀងធ្លាក់ជោគជាំ បណ្តាលឱ្យហូរចូលក្នុងស្ទឹងបែបនេះ ពលរដ្ឋសូមឲ្យអាជ្ញាធរនិងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ តើចាត់វិធានការយ៉ាងណា ៕ស សារ៉េត


ចែករំលែក៖