ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកជាប្អូនសម្លាប់បងបង្កើត ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងអធិការនគរបាលស្រុកពួកបានស្រាវជ្រាវឃាត់ខ្លួនជនដៃដលម្នាក់ បន្ទាប់ពីមានករណីឃាតកម្មកើតឡើងទៅ​លើបងស្រី​បង្កើតរបស់ខ្លួន ខណៈមានទំនាស់ពាក្យសំដី បន្តិចបន្តួច រហូតហានលើកដៃ យកចបជីកវាយ បណ្តាល​ឱ្យបែកក្បាល និង បែកមុខ ហូរឈាម រហូតដល់ស្លាប់ភ្លាមៗមួយរំពេច រួចរត់ចូលព្រៃ តែអកុសល​ឈាម​ស្រែកស្បែក​ហៅ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន និងបញ្ជូន​ទៅ​តុលាការខេត្ត ។ ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៧​ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាលស្រុកពួកបានប្រាប់ថា បន្ទាប់ពីមានករណីឃាតកម្ម បង្កដោយជនសង្ស័យម្នាក់ឈ្មោះ ក្តឹប សុផល ហៅ(ខុញ) ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ បានយកចបជីកវាយទៅលើជនរងគ្រោះ ដែលត្រូវជាបងបង្កើតរបស់ខ្លួន ឈ្មោះក្តឹប ផល្លា ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិកើតហេតុ បណ្តាលឱ្យស្លាប់នៅនឹងផ្ទះជនរងគ្រោះក្នុងភូមិ ឃុំកើតហេតុខាងលើ ដោយសារ មូលហេតុទំនាស់ពាក្យសំដី ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់ចូលព្រៃ ហើយជនសង្ស័យបានចេញពីព្រៃមកផ្ទះវិញ ត្រូវប៉ូលិសស្រុកពួក ឃាត់ខ្លួនភ្លាមៗ​រួចបញ្ជូនទៅតុលាការខេត្ត តែម្តង ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ​និងវត្ថុតាងទៅសាលាដំបូងខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ប៊ុនរិទ្ធី


ចែករំលែក៖