ខេត្តសៀមរាប៖ ក្រុមចោរ វៀតណាម ប្រុស ស្រី៣នាក់ ដែលល្បីឈ្មោះខាង លូកហោប៉ៅយកទលុយភ្ញៀវជាតិ និង អន្តរជាតិ ក្នុងពិធីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំថ្មី ត្រូវអស់ល័ក្ខណ៍ ត្រូវបានសមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌក្របួចជាប់ បន្ទាប់ពីធ្វើសកម្មភាពលូកហោប៉ៅភ្ញៀវទេសចរណ៍ ដែលនាំគ្នាមកលេងអង្គរសង្ក្រាន្តនៅខេត្តសៀមរាប ។
ហេតុការណ៍ឃាត់ខ្លួនជនជាតិវៀតណាម បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុងសៀមរាប ខណៈជនសង្ស័យ ប្រុស ស្រី ទាំងបីនាក់នេះបាននាំគ្នាធ្វើសកម្មភាពជាក់ស្តែងដោយលូកហោប៉ៅពីជនបរទេស ។
តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ថា ជនសង្ស័យ ប្រុស ស្រី ទាំង៣នាក់នេះ គឺជាក្រុមមុខសញ្ញាចាស់ដែលតែងតែធ្វើសកម្មភាពលូកហោប៉ៅ លួចទ្រព្យសម្បតិ្តពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវបរទេស ដែលបានចូលរួម ក្នុងពិធីបុណ្យធំៗ តាមបណ្តាប្រទេសនានា ក្នុងអាស៊ាន ដូចជា ឡាវ និងប្រទេសថៃ ជាដើម។
ប្រភពបានបន្តថា ជនសង្ស័យប្រុស ស្រី ទាំង៣នាក់នោះមាន ទី១/ ឈ្មោះ LAM THI HUE ភេទស្រី កើតឆ្នាំ១៩៥៨ ជាជនជាតិវៀតណាម កាន់លិខិតឆ្លងដែនVNM C 2423173, ទី២/ឈ្មោះ LE THANH BINH កើតឆ្នាំ១៩៧៦ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែន VNM B 9637527 និង ទី៣/ ឈ្មោះ HOANG MINH PHUONG ភេទប្រុស កើតឆ្នាំ ១៩៦០ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែន VNM B 1691776 ។
តាមប្រភពបានបញ្ជាក់ថា ជនសង្ស័យ ទាំង ៣ នាក់ បានសារភាពនៅចំពោះសមត្ថកិច្ចបានឲ្យដឹងថា ពួកគេបានមុខសញ្ញាទាំងបីនាក់ តែងតែធ្វើសកម្មភាពលូកហោប៉ៅ លួចទ្រព្យសម្បតិ្តពីប្រជាពលរដ្ឋចូលរួម ក៏ដូចជាភ្ញៀវបរទេស ដែលបាន ក្នុងពិធីបុណ្យធំៗ តាមបណ្តាប្រទេសនានា ក្នុងអាស៊ាន ដូចជា ឡាវ និងប្រទេសថៃ ជាដើម។
បច្ចុប្បន្នសមត្ថកិច្ចកម្ពុជា បានរៀបចំ កសាង សំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ប៊ុន រិទ្ធី