ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្ត បានចុះឃាត់ខ្លួនម្ចាស់ទីតាំង ម៉ាស្សាមួយកន្លែងនៅក្នុងតំបន់ផាប់ស្ទ្រីត បន្ទាប់ពីមាន ហេតុការណ៍ ខ្សែភ្លើងឆក់ក្មេងស្រីម្នាក់ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅថ្ងៃដែលវរៈឡើងស័ក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស២៥៦១ គ.ស២០១៧ ក្នុងរយៈពេល០៣ថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រក្នុង ខេត្តសៀមរាបឆ្នាំស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ដួង សុខា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ នៃស្នងការនគរបាលខេត្តបានប្រាប់ថា ពិតជាមាន ការឃាត់ខ្លួន ម្ចាស់ទីតាំង ម៉ាស្សា មួយកន្លែងមែន ដោយចោទពី បទឃាតកម្ម ដោយអចេតនា ទៅលើក្មេងស្រី ម្នាក់អាយុ១៨ឆ្នាំ ខណៈជនរងគ្រោះ កំពុងរាំ និងបាញ់ទឹកលេង នៅម្តុំ Pub Street ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្នុងក្រុងសៀមរាប កាលពីយប់រំលង អធា្រត្រ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ដែលថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅពេលនេះ កំពុងឃុំខ្លួន នៅស្នងការ នគរបាល ខេត្តសៀមរាប ចំណែកទីតាំង ត្រូវបានបិតជាបណ្តោះអាសន្នផងដែរ។
លោកដួង សុខាបន្ថែមថា ករណីនេះ ពិតជាឆក់ ខ្សែភ្លើង ប្រាកដមែន ដោយតាមការពិនិត្យ នៅកន្លែងកើតហេតុ ពេលដែលឆក់ ក្មេងស្រី បានកាន់បង្គោលដែក ដោយខ្សែរភ្លើងហ្នឹង ចេញមកចិញ្ចើមផ្លូវ សម្រាប់ដោត ប៉ាយស្លាកម៉ាស្សាហ្នឹង ។
លោក បានបន្ថែមទៀតថា តាមការពិនិត្យកោសល្យវិច្ឆ័យទៅលើដងខ្លួនជនរងគ្រោះ កម្លាំងការិយាល័យ ជំនាញ បច្ចេកទេស នៅកន្លែងកើតហេតុ គឺបានកំណត់ថា ពិតជាឆក់នៅកន្លែងហាងហ្នឹងពិតប្រាកដមែន។ ដោយ សារទីតាំងនោះ មានការ ធ្វេសប្រហែស។
លោកបានបញ្ជាក់ទៀតថា ម្ចាស់ទីតាំងម៉ាស្សាមាន ឈ្មោះ មាស សុភ័ក្ក ភេទស្រី អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ចំណែក ក្មេងស្រី មានឈ្មោះ មន្នី រត្ននី អាយុ១៨ឆ្នាំ ត្រូវជាប្អូនពៅ របស់តារាស្រី មុន្នីនាថ មានស្រុកកំណើតនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រោយពេលកើតហេតុកម្លាំងជំនាញបាននាំយកក្មេងស្រីរងគ្រោះទៅ ជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែរ ប៉ុន្តែក្រុមគ្រួសាររបស់ជនរងគ្រោះ មិនអស់ចិត្ត ក៏ឱ្យខាងពេទ្យខេត្ត បញ្ជូនបន្ត ទៅមន្ទីរពេទ្យ រ៉ូ យ៉ាល់ អង្គរ តែជាអកុសលហួសពេលទៅហើយ ដោយសារជនរងគ្រោះបានដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបាត់ទៅហើយ។
សូមរម្លឹកថា នៅថ្ងៃចូលឆ្នាំ នេះ ខេត្តសៀមរាប ពុំធ្លាប់មានករណី នេះកើតឡើងនោះទេ នេះជាលើកទី១ ហើយដែលកើតឡើងទៅលើក្មេងស្រស់ស្អាតម្នាក់ បានស្លាប់ដោយសារឆក់ខ្សែភ្លើង នៅតំបន់កម្សាន្ត Pub Street ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្នុងក្រុងសៀមរាប កាលពីយប់រំលង អធា្រត្រ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ដែលថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខណៈក្មេងស្រីនោះកំពុងតែរាំលេងកម្សាន្ត ជាមួយមិត្តភក្តិ ។
ជុំវិញមជ្ឈដ្ឋាននានាក្នុងខេត្តសៀមរាប គេរង់ចាំមើលថា តើម្ចាស់ម៉ាស្សា ដែលធ្វើឱ្យក្មេងស្រី ដ៏ស្រស់ស្អាតម្នាក់ ឆក់ខ្សែភ្លើងសា្លប់នោះ មានវាសនា អាចគេចផុតពីសំណាញ់ច្បាប់ ដែលសមត្ថកិច្ចចាប់យកទៅនោះបានដែរឬ យ៉ាងណា? ៕ ប៊ុនរិទ្ធី
ជនរងគ្រោះ កាលមិនទាន់បាត់បង់ជីវិត
ក្មេងស្រីរងគ្រោះ