អតីតខ្សែការពារកណ្តាលរបស់អង់គ្លេស John Terry បានប្រកាសថា គាត់នឹងចាកចេញពីក្លិបតោខៀវ Chelsea នៅរដូវកាលក្រោយ បន្ទាប់ពីនៅក្នុងក្លិបនេះអស់រយៈពេល២២ឆ្នាំ។
កីឡាករវ័យ៣៦ឆ្នាំរូបនេះធ្លាប់បានប្រាប់ថា គាត់ចង់បញ្ចប់ អាជីពបាល់ទាត់នៅក្នុងក្លិបតោខៀវតែម្តង ប៉ុន្តែមានក្លិបជាច្រើនពិសេសនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសតែម្តងដូចជា West Bromwich, Stoke និង Bournemouth ចង់បានគាត់ទៅរួមក្រុម។ ហេតុដូចនេះ ហើយទើបធ្វើឲ្យគាត់ប្រែចិត្តនិងប្រកាសចាកចេញពីក្លិបChelseaដែលគាត់ធ្លាប់បានបង្ហាញខ្លួនរហូតដល់ទៅ៧១៣ប្រកួត។
ទោះបីជាពុំសូវជាប់ជម្រើសដំបូងនៅក្នុងក្រុមតោខៀវក្នុង រដូវកាលនេះ John Terryបានបញ្ជាក់ថា រាងកាយរបស់គាត់នៅតែខ្លាំងហើយអាចលេងយ៉ាងហោចណាស់មួយរដូវកាលទៀត។
ចំណែកអតីតមិត្តរួមក្រុម Frank Lampard បានចាត់ទុក John Terryជា ខ្សែការពារល្អបំផុតនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier league។ John Terryធ្លាប់ឈ្នះជើងឯក Champions Leagueក្នុងឆ្នាំ២០១២ ឈ្នះជើងឯក Premier Leagueចំនួន៤សម័យ FA Cup ៥ដង អង់គ្លេស League Cup ចំនួន៣ដង និងជើងឯក Europa League ជាមួយនឹងក្រុមតោខៀវ Chelsea ។
ដំណឹងពីការចាកចេញរបស់កីឡាករ John Terry ធ្វើឲ្យក្លិបចាបព្រៃ West Brom ហាក់បីដូចជា កំពុងចង់បានកីឡាករខ្សែការពារវ័យចំណាស់រូបនេះនារដូវក្តៅខាងមុខ ។
ក្លិប West Brom ធ្លាប់ទទួលរងការបរាជ័យ រួចម្តងហើយ កាលពីខែមករា ក្រោយពេលដែលកីឡាករខ្សែការពារវ័យ៣៦ឆ្នាំរូបនេះ មានបំណងចង់បន្តស្នាក់នៅ ជាមួយនឹងតោខៀវទៀត។ ស្របពេលដែលព័ត៌មាន នៃការចាកចេញពីក្លិបនោះ Terry មិនត្រូវបានក្លិបណាមួយនៅអាមេរិក បង្ហាញពីចំណាប់អារម្មណ៍ឡើយ។
Terry បានបង្ហាញខ្លួនឲ្យក្លឹបបានតិចតួចប៉ុណ្ណោះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកតោខៀវ លោក Antonio Conte ដោយគិតចាប់តាំងពីខែវិច្ឆិកាមក គាត់បានលេងបានតែ៥ប្រកួតប៉ុណ្ណោះនៅក្នុងការប្រកួតលីកកំពូលរបស់អង់គ្លេស៕ ដេវីត